ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ក្រុមស្វែងរក និងជួយសង្គ្រោះ បានរកឃើញប្រអប់ខ្មៅមួយនៅក្នុងបន្ទប់ពីឡុត និងសពមនុស្សនៅឯកន្លែងធ្លាក់យន្តហោះ China Eastern Airlines កាលពីថ្ងៃពុធ។
ប្រអប់ខ្មៅរបស់យន្តហោះមានចំនួនពីរគ្រឿង។ មួយជាឧបករណ៍ដែលកត់ត្រាទិន្នន័យនៃការហោះហើរ និងមួយទៀតកត់ត្រាការសន្ទនារវាងអ្នកបម្រើការលើយន្ដហោះជាមួយបញ្ជាការដ្ឋានចរាចរណ៍ផ្លូវអាកាស។ ការវិភាគទិន្នន័យនោះ អាចបង្ហាញពីមូលហេតុនៃការធ្លាក់របស់យន្តហោះ។
លោក Zhu Tao នាយកការិយាល័យសុវត្ថិភាពអាកាសចរណ៍នៅរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃពុធ ថា ប្រអប់ខ្មៅដែលបានរកឃើញកាលពីថ្ងៃពុធទំនងជាឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្ដហោះ ខណៈដែលការស្វែងរកនៅតែបន្ត។
លោក Zhu បាននិយាយថា ប្រអប់ខ្មៅនេះ ត្រូវបានដឹកជញ្ជូនពេញមួយយប់ ទៅកាន់ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល ដែលមានជំនាញវិជ្ជាជីវៈក្នុងទីក្រុងប៉េកាំង សម្រាប់ការវិភាគទិន្នន័យ។ ផ្នែកខាងក្រៅនៃប្រអប់ខ្មៅនេះ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
ជើងហោះហើរ Boeing 737-800 ដឹកមនុស្ស ១៣២នាក់ បានធ្លាក់ដាំក្បាលចុះក្រោម កាលពីរសៀលថ្ងៃចន្ទ នៅតំបន់ភ្នំ ដាច់ស្រយាល នៃខេត្តគ័រស៊ី។ អាជ្ញាធរចិន មិនបានបញ្ជាក់ពី ចំនួនអ្នកស្លាប់ ឬប្រាប់ពីមូលហេតុការធ្លាក់យន្តហោះនេះទេ។
អាជ្ញាធរចិនបាននិយាយថា ក្រុមហ៊ុន Honeywell បានផលិតប្រអប់ខ្មៅចំនួនពីរនៅលើយន្តហោះ Boeing ដែលបានធ្លាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបន្ថែមថា ក្រុមជួយសង្គ្រោះ បានបញ្ជូនអដ្ឋិធាតុមនុស្សដែលបានរកឃើញ នៅកន្លែងធ្លាក់យន្តហោះ ទៅឱ្យក្រុមអ្នកស៊ើបអង្កេត៕