ហុល្លង់៖ ភាគល្អិតតូចៗនៃប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងឈាមរបស់មនុស្សជាលើកដំបូង ដែលបង្កើនការព្រួយបារម្ភ អំពីផលប៉ះពាល់សុខភាពរយៈពេលវែង។
អ្នកវិទ្យាសាស្ត្រហុល្លង់ បានរកឃើញថា អ្នកស្ម័គ្រចិត្ត ១៧នាក់ក្នុងចំណោម ២២នាក់ ឬ ៧៧% មានមីក្រូប្លាស្ទិក នៅក្នុងឈាមរបស់ពួកគេ។ ជាមធ្យម វាមាន ១,៦មីក្រូក្រាម ក្នុងមួយមីល្លីលីត្រឈាម។ ប្លាស្ទិកដែលរកឃើញទូទៅបំផុត គឺ PET ដែលប្រើសម្រាប់ធ្វើដបទឹក។ វាត្រូវបានរកឃើញនៅក្នុងឈាមរបស់អ្នកស្ម័គ្រចិត្ត ៥០% ។នេះបើយោងតាមលទ្ធផលដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Environment International ។
ជាមួយគ្នានេះ Polystyrene ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការវេចខ្ចប់អាហារ ត្រូវបានរកឃើញក្នុងឈាមរបស់អ្នកស្ម័គ្រចិត្ត ៣៦% ហើយសារធាតុ Polyethylene ដែលត្រូវបានប្រើក្នុងថង់ ត្រូវបានរកឃើញក្នុងឈាមរបស់អ្នកស្ម័គ្រចិត្ត ២៣% ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Vrije Universiteit Amsterdam និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Amsterdam និយាយថា មីក្រូប្លាស្ទិកទំនងជាត្រូវបានស្រូបចូល ឬទទួលទាន មុនពេលជ្រាបចូលទៅក្នុងចរន្តឈាម។
វេជ្ជបណ្ឌិត Alice Horton នៅមជ្ឈមណ្ឌល National Oceanography របស់ចក្រភពអង់គ្លេស បាននិយាយថា ផលប៉ះពាល់រយៈពេលវែងសម្រាប់អ្នកដែលមានប្លាស្ទិកក្នុងឈាម មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។ ប៉ុន្តែវាជាការដាស់តឿនមួយ ដើម្បីសិក្សាបន្ថែមលើបញ្ហានេះ៕