ភ្នំពេញ៖ រយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានអាក់ខានមិនឱ្យមានការជួបជុំប្រមូលផ្ដុំមនុស្សច្រើនកុះករ តែពិធីទទួលទេវតានៅតែធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យធ្វើពិធី និងមានការជួបជុំកម្សាន្តសប្បាយជាធម្មតា។
មុនស្ថានភាពជំងឺកូវីដ១៩ ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បើទោះបីប្រជាពលរដ្ឋរាជធានីភ្នំពេញភាគច្រើន បានចាកចេញទៅស្រុកកំណើត ឬទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងបណ្តាខេត្ត/ក្រុងនានាក្តី ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅចាំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី និងចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅរាជធានីភ្នំពេញជាច្រើនផងដែរ។ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋផងនោះ អាជ្ញាធររាជធានីភ្នំពេញ បានតុបតែងភ្លើងពណ៌ កែលម្អលើកកម្ពស់សោភ័ណភាព និងរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅរមណីយដ្ឋានវត្តភ្នំ ទៅតាមប្រពៃណី និងទំនៀមទម្លាប់ផងដែរ៕