កូរ៉េខាងត្បូង៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ម៉ោង១១ព្រឹកនៅកូរ៉េខាងត្បូង គឺជាថ្ងៃដែលតួឯកប្រុសស្រីក្នុងរឿង Crash Landing on You លោក Hyun Bin និង Son Ye Jin ដឹកដៃគ្នាប្រារព្ធពិធីមង្គលការ បន្ទាប់ពីអ្នកទាំង២បានមើលចិត្តគ្នាអស់រយៈពេល២ឆ្នាំ។
យ៉ាងណាមិញ គ្រប់គ្នាសុទ្ធតែបានដឹងហើយថា Hyun Bin គឺជាអតីតមិត្តប្រុសរបស់តារាសម្តែងស្រី Song Hye Kyo ដែលអ្នកទាំង២ ធ្លាប់ជាគូស្នេហ៍នឹងគ្នាអំឡុងឆ្នាំ២០០៩ បន្ទាប់ពីសម្តែងភាពយន្ត The World One Lives រួចមក។ ប៉ុន្តែគួរឱ្យស្តាយ ដែលទំនាក់ទំនងរបស់អ្នកទាំង២បានត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានបញ្ចប់ទៅវិញ។
កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ Hyun Bin បានសម្រេចចិត្តដឹកដៃតារាស្រី Son Ye Jin សាងគ្រួសារ ខណៈ Song Hye Kyo នៅបន្តភាពនៅលីវ បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងតារាប្រុស Song Joongki មិនសមប្រកប។
គួរបញ្ជាក់ដែរថា ដោយសារ Hyun Bin និង Song Hye Kyo សម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី ដូចនេះគ្មាននរណាម្នាក់ដឹងពីមូលហេតុនៃការបែកបាក់នេះឡើយដោយគ្រប់គ្នាយល់ថា ការចែកផ្លូវគ្នារវាងអ្នកទាំង២ដោយសារភាពមមាញឹកជាមួយនឹងការងារ ជាហេតុធ្វើឱ្យអ្នកទាំង២គ្មានពេលវេលាសម្រាប់គ្នាទើបឈានដល់ការបែកបាក់បែបនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានលេចឮដំណឹងថា ការបែកបាក់របស់អ្នកទាំង២ គឺមានចំណែកមួយរបស់ម្តាយ Hyun Bin មិនពេញចិត្តនឹង Song Hye Kyo ដែលនាងធំធាត់ឡើងក្នុងគ្រួសារដែលមានឪពុកម្តាយលែងលះគ្នា ហើយក្នុងនាម Hyun Bin រស់នៅក្នុងគ្រួសារជាអ្នកមានទ្រព្យសម្បត្តិ មានមុខមាត់ក្នុងសង្គម និងជាគ្រួសារដែលប្រកាន់ខ្ជាប់ប្រពៃណីផងនោះ ទើបម្តាយរបស់ Hyun Bin មិនចង់ឱ្យកូនប្រុសមានទំនាក់ទំនងជាមួយមនុស្សស្រីណាដែលធំធាត់ឡើងក្នុងគ្រួសារដែលឪពុកម្តាយលែងលះគ្នាបែបនេះ៕