មូស្គូ៖ ក្រុមហ៊ុនផលិតភាពយន្តហូលីវូដចំនួន ៥ ដូចជា Disney, Warner Bros, Universal, Sony Pictures និង Paramount បានបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ពួកគេនៅប្រទេសរុស្ស៊ី ដោយសារប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ នៅប្រទេសអ៊ុយក្រែន។
អ្នកបកប្រែភាពយន្តហូលីវូដ ជនជាតិរុស្សី អ្នកស្រី Mila Grekova បាននិយាយថា៖ “បូលីវូដ អាចជំនួសហូលីវូដ នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែវាយឺតពេលសម្រាប់ខ្ញុំក្នុងការរៀនភាសាឥណ្ឌា”។ អ្នកស្រី ចង់សំដៅលើការបដិសេធរបស់ឥណ្ឌា ក្នុងការថ្កោលទោសទីក្រុងម៉ូស្គូ ឬចូលរួមជាមួយការដាក់ទណ្ឌកម្មជាមួយប្រទេសលោកខាងលិច។
ឧស្សាហកម្មភាពយន្តរបស់រុស្ស៊ី បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីបាននិងកំពុងចាប់ផ្តើមងើបឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។ ឧស្សាហកម្មភាពយន្តរុស្ស៊ី កំពុងងាកចេញពីលោកខាងលិច ដោយសម្លឹងមើលទៅភាពយន្តក្នុងស្រុក ឬភាពយន្តរបស់អាស៊ី។
មុនពេលការចាកចេញរបស់ហូលីវូដ ក្រុមហ៊ុនរុស្ស៊ី Mosfilm-Master នាំចូលភាពយន្តហូលីវូដប្រហែល ១០ រឿងក្នុងមួយខែ។ នាយកក្រុមហ៊ុនលោក Yevgeny Belin បានប្រាប់ថា៖ “ឥឡូវនេះ យើងបានបាត់បង់អាជីវកម្ម ចំនួនពីរភាគបី”។
សមាគមភាពយន្តរុស្ស៊ី បានថ្លែងថា រោងភាពយន្តនៅប្រទេសរុស្ស៊ី ប្រឈមមុខនឹងការបាត់បង់ចំណូលរបស់ខ្លួនរហូតដល់ ៨០% ដោយសារការដកខ្លួនចេញរបស់ ហូលីវូដ៕