×

ធ្មេចបើកៗ អតីតពិធីករប្រចាំស្ថានីយទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា ទទួលមរណភាពជិត៥ឆ្នាំហើយ

ភ្នំពេញ៖ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ លោកក៏បានទទួលមរណភាពដោយបន្សល់ទុកកូនៗ និងម្តាយចាស់ជរាឱ្យរស់នៅយ៉ាងកំព្រា។

កាលណោះបើទោះជាធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក៏ដោយ ក៏លោកនៅទៅបំពេញការងារធម្មតា ដោយមិនត្រឹមតែមិត្តអ្នករួមសិល្បៈប៉ុណ្ណោះទេដែលមិនដឹងថាលោកកំពុងមានជំងឺធ្ងន់ សូម្បីតែសមាជិកក្នុងគ្រួសារក៏គ្មានអ្នកដឹងដែរ។ 

រហូតនៅពេលដែលលោកធ្លាក់ខ្លួនឈឺខ្លាំងទើបគ្រប់គ្នាដឹងថា លោកមានជំងឺមហារីកថ្លើម និងជំងឺទឹកនោមផ្អែម ដែលលោកបានទុកដល់ហួសពេលទៅហើយ។ តាមរយៈម្តាយបង្កើតរបស់លោក អ៊ិត សេដ្ឋា ធ្លាប់បានឱ្យដឹងថា កូនប្រុសរបស់អ្នកស្រីព្យាយាមលាក់ជំងឺដោយសារលោកមានបន្ទុកច្រើនត្រូវរ៉ាប់រង ខណៈចំណូលដែលរកបានត្រូវផ្គត់ផ្គង់លើការសិក្សាកូនៗ និងត្រូវបង់ថ្លៃផ្ទះជួលផងដែរ។

បន្ទុក និងការធ្លាក់ខ្លួនដល់ថ្នាក់នៅផ្ទះជួលបែបនេះ អ្នកស្រីជាម្តាយមិនហ៊ានរៀបរាប់អ្វីច្រើនឡើយដោយគោរពសិទ្ធិរបស់កូនប្រុស។ យ៉ាងណាមិញ មរណភាពរបស់លោក អ៊ិត សេដ្ឋា ដែលបានលាចាកទស្សនិកជនត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះបានកន្លងហួសទៅជិត៥ឆ្នាំមកហើយ ដោយនៅសល់តែជាង១ខែទៀតប៉ុណ្ណោះ គឺជាថ្ងៃគម្រប់ខួប៥ឆ្នាំដែលអតីតពិធីករល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានលាឆ្ងាយពីទស្សនិកជនលែងត្រលប់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង