ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ តារាភេទទី៣ ផេកខេក បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ក្រោយនាងបានប្រកាសច្បាស់ៗពីការចែកផ្លូវជាមួយស្វាមីដែលទើបរៀបការជាមួយគ្នាបានជាង១ខែប៉ុណ្ណោះ។ ផេនខេក បានអះអាងថា អតីតស្វាមីរបស់នាងមានជនទី៣ ធ្វើឱ្យរូបនាងមិនអាចទទួលយកបានឡើយ។
យ៉ាងណាមិញ រឿងមួយនេះបានធ្វើឱ្យមហាជនជាច្រើននាំគ្នាលើកទឹកចិត្តដល់ ផេនខេក ដែលជាតារាមួយរូបតែងជួបបញ្ហាជីវិតជាច្រើនកន្លងមក ទន្ទឹមនឹងនោះផងដែរក៏មានមហាជនមួយចំនួនបានរិះគន់ថា នាងគ្រាន់តែយកបញ្ហាគ្រួសារមកបើកកកាយលើបណ្តាញសង្គមដោយសារចង់ទទួលបានការចាប់អារម្មណ៍ជាធ្នាក់អូសទាញប្រជាប្រិយភាពឱ្យកាន់តែមានឈ្មោះបោះសម្លេងប៉ុណ្ណោះ។
ដោយសារពាក្យទាំងនេះ ផេនខេក ក៏បានចេញមុខ Live នៅផេកហ្វេសបុកកាលពីយប់មិញបកស្រាយថា នាងមិនបានយកបញ្ហាក្នុងគ្រួសារមកបើកកកាយដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្វីឡើយ ប៉ុន្តែទាំងនេះជារឿងពិតដែលធ្វើឱ្យអារម្មណ៍នាងពេលនេះពិបាកទទួលយកជាខ្លាំង។ ទោះជាយ៉ាងណា ដោយសារបានកម្លាំងចិត្តពីម្តាយ ពីប្អូន មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រផងនោះ បានធ្វើឱ្យនាងមានកម្លាំងតស៊ូនឹងប្រឈមបញ្ហាដែលបានកើតឡើងមិនចេះចប់មិនចេះហើយទាំងអស់នេះ។
ទាំងអស់គ្នាជាចំណែកដ៏សំខាន់ក្នុងជីវិតរបស់នាង ប៉ុន្តែបញ្ហាបេះដូងគឺមានតែនាងខ្លួនឯង និងពេលវេលាប៉ុណ្ណោះដែលនឹងធ្វើឱ្យអ្វីៗប្រសើរឡើងវិញបាន។ គួរបញ្ជាក់ដែរថា ការចែកផ្លូវគ្នារវាងតារាភេទទី៣ ផេនខេក និងស្វាមីបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ និងនឹកអាណិតដល់នាងជាខ្លាំង ត្បិតព្យុះភ្លៀងបានចូលទៅយាយីជីវិតរបស់ ផេនខេក មិនចេះចប់ដែលបញ្ហាជាច្រើនមិនទាន់ដោះស្រាយផងក៏មានបញ្ហាថ្មីទៀតចូលមក។ តែអ្វីដែលអ្នកគាំទ្រអាចជួយបានគឺមានតែការលើកទឹកចិត្តឱ្យនាងរឹងមាំប៉ុណ្ណោះ៕
(តំណភ្ជាប់វីដេអូ)