×

កំពុងភ្ជួរស្រែ ស្រាប់​តែ​ចំមីនតោន​បណ្ដាល​ឱ្យផ្ទុះ​ស្លា ប់ភ្លាមៗ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះមីនតោន ដោយត្រាក់ទ័រភ្ជួរដីចម្ការ នៅចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានជាន់មីនតោន បណ្តាលឱ្យអ្នកបើកបរឈ្មោះ ឈៀក លី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ បានស្លាប់បាត់បង់ជីវិត។

សូមជម្រាបថា មួយរយៈនេះ ករណីស្រដៀលគ្នាបានកើតឡើងជាញឹកញាប់។ ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមីនា កុមារម្នាក់ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរើសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាប់លេងបណ្តាលឱ្យផ្ទុះស្លាប់។ កាលពីថ្ងៃទី២៦ មីនា បុរសម្នាក់ បានស្លាប់ដោយសារផ្ទុះមីន ពលកំពុងជីកគល់ឈើ នៅភូមិរស្មីខង្ខារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ រីឯកាលពីថ្ងៃទី៨ មីនា កុមារឃ្វាលគោម្នាក់ បានស្លាប់ភ្លាមៗ ពេលជាន់មីន នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អាជ្ញាធរមីន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង