
ជប៉ុន៖ លោកយាយ Kane Tanaka ដែលទើបតែទទួលបានលិខិតបញ្ជាក់ជាបុគ្គលដែលមានអាយុវែងពី The World’s Oldest Person បានទទួលមរណភាព ហើយនៅអាយុ ១១៩ឆ្នាំ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីក្នុងតំបន់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោកយាយ Kane Tanaka កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ នៅភាគនិរតីតំបន់ Fukuoka ប្រទេសជប៉ុន ធ្លាប់បានប្រលូកក្នុងអាជីវកម្មជាច្រើនដែលក្នុងនោះគាត់ធ្លាប់បើកហាងលក់មី និងហាងលក់នំជាដើម។
ជាមួយគ្នានេះដែរ លោកយាយបានរៀបការជាមួយលោក Hideo Tanaka ក្នុងឆ្នាំ១៩២២ និងទទួលបានកូនចំនួន៤នាក់ ថែមទាំងទទួលកូនចិញ្ចឹមទី៥ម្នាក់ទៀតផងដែរ ដោយជីវិតគ្រួសាររបស់លោកយាយ Kane Tanaka រស់នៅយ៉ាងមានសុភមង្គលបំផុត។
សម្រាប់ឈ្មោះលោកយាយ Kane Tanaka ត្រូវបានចុះចូល Guinness កាលពីឆ្នាំ២០១៩ ខណៈពេលនោះដែរ លោកយាយត្រូវបានសួរថា ពេញមួយជីវិតរបស់លោកយាយ តើពេលណាដែលលោកយាយមានអារម្មណ៍សប្បាយចិត្តជាងគេ? លោកយាយបានឆ្លើយភ្លាមថា “ពេលនេះ” ដោយមិនបង្អង់យូរឡើយ។
គួរបញ្ជាក់ដែរថា លោកយាយ Kane Tanaka បានឱ្យដឹងថា គាត់មានទម្លាប់ក្រោកពីគេងម៉ោង៦ជារៀងរាល់ព្រឹក ហើយតែងចំណាយពេលរៀនគណិតវិទ្យា និងហាត់សរសេរអក្សរផ្ចង់រៀងរាល់ពេលថ្ងៃផងដែរ។
យោងតាមទិន្នន័យ World Bank បានបញ្ជាក់ថា ជប៉ុនគឺជាប្រទេសដែលមានអាត្រាប្រជាជនមានអាយុវែងច្រើនបំផុត។ ទោះជាយ៉ាងណា យោងតាមការបញ្ជាក់ពី Guinness បុគ្គលដែលមានអាយុវែងជាងគេបំផុតលើពិភពលោកគឺជាស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ Jeanne Louise Calmet ដែលមានអាយុវែងរហូតដល់ទៅ ១២២ឆ្នាំ និង១៦៤ថ្ងៃ ដែលបានទទួលមរណភាពក្នុងឆ្នាំ១៩៩៧៕



