ថៃ៖ ក្រុមហ៊ុនថៃ បាននិយាយថា ពួកគេមានគម្រោងដំឡើងថ្លៃមី “ម៉ាម៉ា (MAMA)” កញ្ចប់ នៅខែឧសភា ដើម្បីទូទាត់ថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើមដែលកើនឡើង។
ក្រុមហ៊ុន Thai President Foods គ្រោងនឹងដំឡើងតម្លៃលក់ដុំមីពណ៌លឿងកញ្ចប់ រួមទាំងរសជាតិតុងយ៉ាំ និងរសជាតិសាច់ជ្រូកផងដែរ។ តម្លៃគុយទាវ និងមីកំប៉ុង នឹងមិនមែនការប្រែប្រួលទេ។
ក្រុមហ៊ុនបាននិយាយថា ការកើនឡើងថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើម ដូចជាម្សៅស្រូវសាលី និងប្រេងដូង គឺជាហេតុផលដែលពួកគេត្រូវដំឡើងថ្លៃមីកញ្ចប់របស់ខ្លួន។ នៅពេលដែលផែនការដំឡើងថ្លៃរបស់ក្រុមហ៊ុនត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មថៃ តម្លៃលក់ដុំមីកញ្ចប់ នឹងកើនឡើងពី ១៤៣ បាតទៅ ១៤៥ បាតក្នុង១កេស ៣០កញ្ចប់។
តម្លៃលក់រាយមីម៉ាម៉ាកញ្ចប់ នឹងឡើងពី ៦បាតក្នុងមួយកញ្ចប់ដល់ ៦,៥០-៧បាតក្នុងមួយកញ្ចប់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានបង្ហើបថា ក្រសួងមិនទាន់បានអនុម័តលើការដំឡើងថ្លៃនោះទេ៕