ភ្នំពេញ៖ មន្ត្រីជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះសិក្សាពិនិត្យលទ្ធភាព ដើម្បីបញ្ជូនទឹកស្អាត ទៅជួយផ្គត់ផ្គង់តំបន់បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជួបនូវបញ្ហាកង្វះទឹកស្អាត។
ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកាត់បំពង់មេនាំទឹកស្អាតទំហំ ៤០០មីល្លីម៉ែត្រ ភ្ជាប់ទៅបំពង់ចែកចាយទឹកស្អាតទំហំ ២២៥មីល្លីម៉ែត្រ នៅមុខវត្តឈូកវ៉ា និងពិនិត្យកែសម្រួលសម្ពាធទឹកតំបន់ជុំវិញ ក៏ដូចជាសិក្សារកប្រភពបំពង់មេនាំទឹកពីច្រកផ្សេងៗទៀត។
ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ បានត្អូញត្អែរពីការខ្វះទឹកស្អាតប្រើប្រាស់ នាពេលកន្លងមក ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នតម្រូវការផ្គត់ផ្គង់ទឹក មានលើសពីសមត្ថភាពផ្គត់ផ្គង់របស់រដ្ឋាករទឹក ដោយសារតែលំហូរប្រជាពលរដ្ឋ និងការរីកដុះដាលនៃសំណង់អគារផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សូមជម្រាបថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៦សែនម៉ែត្រគូបក្នុងមួយថ្ងៃ។ ប៉ុន្តែតម្រូវការជាក់ស្ដែង មានលើសសមត្ថភាពផ្គត់ផ្គង់ប្រមាណ ២សែនម៉ែត្រគូបក្នុងមួយថ្ងៃ។ រដ្ឋាករទឹក ក៏កំពុងប្រញាប់ក្នុងការសាងសង់រោងចក្រផលិតទឹកស្អាតបន្ថែមទៀត ដើម្បីផ្ដល់ការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់នៅក្នុងឆ្នាំ២០២៣ខាងមុខ៕