×

ក្ដាន់​ដែលជា​សត្វកម្រ​នៅលើ​ពិភពលោក មានវត្តមាន​នៅ​តំបន់​ព្រៃទេសភាព​មេគង្គ​កម្ពុជា ប្រហែល៧០ក្បាល

ក្រចេះ៖ អ្នកវិទ្យាសាស្ត្រ បានរកឃើញសត្វក្ដាន់ ដែលជាសត្វកម្រនៅលើពិភពលោក កំពុងរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ ចំនួនប្រមាណ ៧០ក្បាល។

តាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ការបញ្ជាក់នេះ បានទទួលដោយរូបភាពពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកម្ដៅ។ កម្មវិធីស្រាវជ្រាវនេះ ត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកម្ដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF ។

សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសាកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះ ធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថា បានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០៦ នៅក្នុងខេត្តក្រចេះ។ ទោះជាយ៉ាងណា សត្វនេះបាន និងកំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។

ដើម្បីជួយសង្រ្គោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសាកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ “អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា” ត្រូវបានរៀបចំឡើង និងបើកឱ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង