ថៃ៖ បើនិយាយដល់ឈ្មោះនាង ឡាំយ៉ង និង នាងកែវមនោរាហ៍ មហាជនភាគច្រើនប្រាកជាបានស្គាល់ហើយថា តួអង្គទាំង២នេះសម្តែងដោយតារាស្រីល្បីឈ្មោះវ័យ ៤១ឆ្នាំ Nun Woranuch ឬ Nune ដែលតារាស្រីរូបនេះពិតជាមានសមត្ថភាពសម្តែងបានយ៉ាងល្អមិនថាក្នុងទម្រង់ជានារីសុភាពរាបសា ឬ ជាអ្នកម្តាយប្រមឹកដូចក្នុងរឿងទាំង២ខាងលើឡើយ គឺ Nune ទទួលបានការគាំទ្រខ្លាំងគួរឱ្យចាប់អារម្មណ៍។
Nune បានប្រឡូកក្នុងវិថីសិល្បៈតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ បើទោះជាពេលវេលាកន្លងទៅយូរប៉ុណ្ណា ក៏ប្រជាប្រិយតារាស្រីរូបនេះ មិនធ្លាក់ចុះបន្តិចឡើយ។ ក្រៅពីសមត្ថភាពហើយ Nune ក៏តែងទទួលបានពាក្យសរសើរពីរូបសម្រស់ក្មេងជាងវ័យ មិនមានភាពប្រែប្រួលទៅតាមពេលវេលាផងដែរ។
ម៉្យាងវិញទៀត សន្ទុះនៃការគាំទ្រពីទស្សនិកជនបានធ្វើឱ្យ Nune នៅតែអាចក្តោបបានតំណែងជាតួឯកបានយ៉ាងសក្តិសមទៅតាមសាច់រឿងដដែល។ គួរបញ្ជាក់ដែរថា ចាប់តាំងពីប្រឡូកក្នុងវិថីសិល្បៈមក Nune ធ្លាប់សម្តែងរឿងភាគមិនតិចជាង ៥០រឿងឡើយ រួមទាំងសមិទ្ធផលជាច្រើនទៀត ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់មហាជនកន្លងមកទៀតផង៕