ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូតអ្នកនាង ទឹម រដ្ឋា ទីបំផុតបានលាភាពនៅលីវ ដោយចាប់ផ្តើមជីវិតគ្រួសារជាមួយនឹងសង្សារដែលមើលចិត្តថ្លើមគ្នាអស់រយៈពេលជាយូរឆ្នាំមកនេះ។ កម្មវិធីមង្គលរបស់អ្នកទាំង២ ដែលបានប្រារព្ធឡើងកាលពីខែមីនា កន្លងទៅយ៉ាងអធិកអធមក៏មានវត្តមានសិល្បករជាច្រើនបានចូលរួមជាភ្ញៀវកិត្តិយសក្នុងថ្ងៃពិសេសរបស់តារាស្រីរូបនេះភ្លូកទឹកភ្លូកដីផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ទឹម រដ្ឋា ក៏បានបង្ហាញអារម្មណ៍រំភើបមិនអាចកាត់ថ្លៃបាន ដែលនេះជាបំណងប្រាថ្នាធំបំផុតក្នុងជីវិត ដែលពេលនេះអ្វីៗដែលនាងធ្លាប់បានស្រមៃកន្លងមកបានក្លាយជាការពិតរហូតស្ទើរតែមិនគួរឱ្យជឿថា អារម្មណ៍ពិសេសមួយនេះ អាចកើតឡើងចំពោះនាងផ្ទាល់ទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីប្តូរពីកញ្ញា ទៅជាអ្នកនាង ហើយនោះ ទឹម រដ្ឋា ក៏បានចែករំលែកអារម្មណ៍ខុសគ្នារវាងកាលនៅលីវ និងពេលមានគ្រួសារហើយនូវសំណួរដែលទទួលបានពីមនុស្សជុំវិញខ្លួនបែបនេះថា៖
សំណួរមុនរៀបការ
១. មានសង្សារនៅ?
២. ពេលណាយកប្តី?
៣. ពេលណារៀបការ?
សំណួរក្រោយរៀបការរួច
១. រៀបការហើយទៅហាន់នីម៉ូននៅណា?
២. រៀបការហើយនៅស្រុកខ្មែរ ឬ នៅអាមេរិក?
៣. ពេលណាយកកូន?
៤. ចង់បានកូនប៉ុន្មាននាក់?
សំណួរទាំងប៉ុន្មាននេះត្រូវបានតារាស្រី ទឹម រដ្ឋា បញ្ជាក់បន្ថែមថា អរគុណសម្រាប់ការស្រលាញ់ និងយកចិត្តទុកដាក់មកកាន់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមបំពេញនូវសំណួរទាំងនេះឱ្យបាន ១០០%ខាងមុខឆាប់ៗនេះ សូមរង់ចាំតាមដានទស្សនាភាគបន្តរឿង ជីវិតនាង ទឹម រដ្ឋា៕