ឧត្តរមានជ័យ៖ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីបិទបណ្តោះអាសន្នអស់រយៈពេលជាង ២ឆ្នាំ ដោយសារកូវីដ-១៩។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរជាច្រើននាក់ បានធ្វើពិធីបើកច្រកនេះជាផ្លូវការឡើងវិញនាពេលនេះ។ មុននឹងឈានដល់ការបើកដំណើរការ ភាគីកម្ពុជា និងភាគីថៃ បានជួបពិភាក្សាគ្នា ដោយបានដាក់ចេញនូវគោលការណ៍ និងលក្ខខណ្ឌមួយចំនួនស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២។ ចំពោះគោលការណ៍ និងលក្ខខណ្ឌដែលភាគីថៃបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចូលក្នុងប្រទេសថៃ លោក ប៉ែន កុសល្យ ក៏បានសំណូមពរដល់ភាគីថៃជួយបន្ថូរបន្ថយ និងបន្ថែមនូវចំណុចខ្លះគឺ ករណីបណ្ណធានារ៉ាប់រងសុខភាព ចំពោះអ្នកកាន់លិខិតឆ្លងដែន(ប៉ាស្ព័រ)។ ចំពោះអ្នកកាន់បណ្ណព្រំដែន(Border Pass) ចូលប្រទេសថៃ ដែលភាគីថៃកំណត់រយៈពេល៣ថ្ងៃ ឱ្យមានសុពលភាព៧ថ្ងៃដូចកាលពីលើកមុន។
ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិជាំថ្ងៃនេះ ភាគីទាំងពីរកម្ពុជា-ថៃ បានកំណត់ថា ជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ពោលគឺ ដូចមុនពេលកូវីដ-១៩៕