ហ្វីលីពីន៖ អ្នកប្រដាល់ដ៏ឆ្នើម ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បានរងបរាជ័យក្នុងសង្វៀននយោបាយ សម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។
លោកប៉ាក់គីអៅ ដែលបានសន្យានឹងប្រជាពលរដ្ឋហ្វីលីពីនថានឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បង្រ្កាបគ្រឿងញៀន និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនក្រីក្រ បានអបអរសាទរចំពោះជ័យជម្នះរបស់ដៃគូប្រកួត លោក Ferdinand Marcos Jr តែបាននិយាយថាគាត់សង្ឃឹមថា ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន នឹងជួយដល់ជនក្រីក្រ។
លោក ប៉ាក់គីអៅ វ័យ៤៣ឆ្នាំ បាននិយាយនៅក្នុងវីដេអូមួយបង្ហោះនៅលើ Facebook នៅថ្ងៃទី១១ ខែឧសភា ថា៖ “ក្នុងនាមជាអ្នកប្រដាល់ និងអត្តពលិក ខ្ញុំដឹងពីរបៀបទទួលយកបរាជ័យ” ។ “ខ្ញុំគ្រាន់តែសង្ឃឹមថា នៅពេលដែលខ្ញុំចាញ់ក្នុងការប្រកួតនេះ មិត្តរួមជាតិហ្វីលីពីនរបស់ខ្ញុំ ដែលជាអ្នកតស៊ូនឹងឈ្នះ”។
គួររំឭកថា ការស្ទាបស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថា លោកប៉ាក់គីអៅ ស្ទើរតែគ្មានឱកាសឈ្នះការបោះឆ្នោត ហើយលទ្ធផលត្រូវបានបញ្ជាក់ ដោយគាត់ទទួលបានសំឡេងតិចជាង៤លាន ឬ ៦,៦ភាគរយនៃចំនួនដែលបានរាប់។
លោកប៉ាក់គីអៅ បានប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់ កាលពីខែកញ្ញា និងបានប្រកាសឈរឈ្មោះជាប្រធានាធិបតី។ លោកក៏បានបញ្ជាក់ថា នឹងមិនត្រលប់មកសង្វៀនប្រដាល់វិញទេ ប្រសិនបើគាត់ចាញ់។
បន្ទាប់ពីយុទ្ធនាការឃោសនាដ៏លំបាកអស់ជាច្រើនខែ លោកបាននិយាយថា គាត់នឹងឆ្លៀតឱកាសដើម្បីសម្រាក និងចំណាយពេលជាមួយគ្រួសារ។ លើសពីនេះ គាត់នឹងបន្តធ្វើការជាមួយមូលនិធិសប្បុរសធម៌របស់គាត់។
លោក ប៉ាក់គីអៅ ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងសម្រាប់ការតស៊ូរបស់គាត់ តាំងពីក្មេងតាមចិញ្ចើមផ្លូវ រហូតក្លាយទៅជាកីឡាករប្រដាល់ដ៏អស្ចារ្យមួយរូប។ ប៉ុន្តែគាត់មានភាពចម្រូងចម្រាសក្នុងនាមជាអ្នកនយោបាយ ហើយបានប្រកាន់យកនូវគោលនយោបាយជ្រុលនិយមបំផុតរបស់ប្រធានាធិបតី Rodrigo Duterte ដែលផុតពីតំណែង មុនពេលផ្តាច់ខ្លួនចេញពីបក្សរបស់លោក Duterte បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាជាសាធារណៈកាលពីឆ្នាំមុន។ លោក ប៉ាក់គីអៅ គឺជាអ្នកគាំទ្រចំពោះសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte ៕