×

កូរ៉េខាងជើង បញ្ជាក់ពី​ករណី​អ្នកជំងឺ​កូវីដ១៩​ស្លា ប់​ជាលើកដំបូង

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបន្ថែមថាមនុស្សរាប់ម៉ឺននាក់ទៀតកំពុងមានរោគសញ្ញាគ្រុនក្តៅ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីទទួលរងនូវជំងឺគ្រុនក្តៅ ក្នុងនោះអ្នកជំងឺម្នាក់ដែលស្លាប់ តេស្តរកឃើញអូមីក្រុង។ មនុស្ស ១៨៧.០០០ នាក់ដែលមានជំងឺគ្រុនក្តៅកំពុងត្រូវបាននៅដាច់ដោយឡែក និងព្យាបាល។

មានការផ្ទុះឡើងនៃជំងឺកូវីដ១៩ប្រភេទអូមីក្រុង នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានរាយការណ៍ថា ការផ្ទុះឡើងបានរីករាលដាលលើសពីរដ្ឋធានី។ ប្រភពបន្តថា “ជំងឺគ្រុនក្តៅដែលមូលហេតុមិនអាចកំណត់អត្តសញ្ញាណ បានរីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេស ចាប់តាំងពីចុងខែមេសា”។

ប្រភពបន្តទៀតថា មនុស្សប្រហែល ៣៥០.០០០នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩នោះទេ។

ប្រទេសកូរ៉េខាងជើង បានច្រានចោលការផ្តល់ជូនពីសហគមន៍អន្តរជាតិ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងដែលផលិតដោយប្រទេសចិនរាប់លានដូស កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ កូរ៉េខាងជើង បានគ្រប់គ្រងកូវីដ១៩ ដោយការបិទព្រំដែនរបស់ខ្លួន នៅដើមខែមករា ឆ្នាំ២០២០។

នៅថ្ងៃសុក្រ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យមណ្ឌលថែទាំសុខភាព និង បានសិក្សាអំពីការរីករាលដាលនៃកូវីដ១៩ នៅទូទាំងប្រទេស។

លោក គីម បានបញ្ជាឱ្យការគ្រប់គ្រងមេរោគ ដោយការបិទខ្ទប់ក្នុងតំបន់នានា និងការរឹតបន្តឹងការប្រមូលផ្តុំនៅកន្លែងធ្វើការ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង