ឥណ្ឌា៖ ប្តីប្រពន្ធ Sadhana និង Sanjeev Prasad ជាអ្នកស្រុក Haridwar ភាគខាងជើងនៃរដ្ឋ Uttarakhand បានដាក់ពាក្យប្តឹងកូនប្រុសរបស់ខ្លួន និងកូនប្រសារខ្លួនក្នុងទឹកប្រាក់ ៦៤៣,០០០ដុល្លារពីបទមិនមានចៅឱ្យពួកគាត់បន្ទាប់ពីរៀបការអស់រយៈពេល ៦ឆ្នាំ។
ប្តីប្រពន្ធមួយគូនេះបានបញ្ជាក់ឱ្យដឹងថា ពួកគាត់បានចិញ្ចឹមកូនប្រុសរបស់ខ្លួនអស់ទឹកប្រាក់ប្រមាណ ២៥៧,០០០ដុល្លារ ដោយផ្គត់ផ្គង់រួមមានទាំងថ្លៃសិក្សាឱ្យគេបានក្លាយជាអ្នកបើកយន្តហោះផងដែរ។ លោកទាំង ២ក៏បានបញ្ជាក់បន្ថែមទៀតថានឹងទុកពេលឱ្យកូនប្រុសវ័យ ៣៦ឆ្នាំ និងកូនប្រសារវ័យ៣១ឆ្នាំត្រឹមឆ្នាំក្រោយត្រូវមានចៅឱ្យពួកគាត់ មិនអ៊ីចឹងទេគឺត្រូវសងសំណង។
មិនត្រឹមតែប៉ុណ្ណោះ Sadhana និង Sanjeev Prasad បានបន្ថែមទៀតថា លោកទាំង២ថែមទាំងបានទិញរថយន្តមួយគ្រឿង ថែមទាំងចំណាយលើថ្ងៃក្រេបទឹកឃ្មុំរបស់កូនប្រុស និងកូនប្រសារទៀតផង ដូចនេះត្រូវតបស្នងមកវិញដោយត្រូវបង្កើតចៅឱ្យពួកគាត់វិញជាដាច់ខាត៕