ដោយ៖ ជឹង សេងឡុង
ត្បូងឃ្មុំ៖ ម្រេច គឺជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនិយមដាំច្រើនគួសម ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំម្រេចបានធ្លាក់ថ្លៃយ៉ាងគំហុក ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានបោះបង់ចោល ដោយសារតែមិនអាចទទួលបានប្រាក់ចំណេញ។ សម្រាប់ឆ្នាំ២០២១ ម្រេចបានហក់ឡើងថ្លៃវិញបន្តិច ដោយក្នុងមួយគីឡូក្រាមថ្លៃចន្លោះពី ១០០០០រៀល ទៅ ១៣០០០រៀល។ ទោះតម្លៃម្រេចបានហក់ឡើងបន្តិចក៏ដោយ ពលរដ្ឋក្នុងស្រុកត្បូងឃ្មុំនៅតែអះអាងថា មិនអាចទទួលបានប្រាក់ចំណេញ។
អ្នកស្រី គីម លាង រស់នៅឃុំជីរោទី២ ស្រុកត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា គ្រួសារបស់គាត់បានចំណាយពេល និងលុយកាក់ដើម្បីដាំដំណាំម្រេច តែដោយសារតម្លៃទាបពេកទើបអ្នកស្រីមិនយកចិត្តទុកដាក់ថែទាំដូចមុននោះទេ ព្រោះដំណាំម្រេចត្រូវការចំណាយលើការថែទាំច្រើន ដូចជា ស្រោចទឹក ដាក់ជី ជាប្រចាំ ហើយពេលបានផលត្រូវចំណាយលើការប្រមូលផលក៏ច្រើន ដោយថ្លៃបេះក្នុងមួយគីឡូក្រាមស្រស់តម្លៃ ៥០០រៀល។
អ្នកស្រីបន្តថា ឆ្នាំនេះម្រេចបានឡើងថ្លៃវិញបន្តិចបើធៀបនឹងឆ្នាំមុន ដោយក្នុង១គីឡូក្រាមស្ងួតថ្លៃចន្លោះពី ១០០០០រៀល ទៅ១២០០០រៀល ខណៈឆ្នាំមុនបានតែប្រម៉ាណ ៦០០០រៀល ទៅ ៨០០០រៀល ក្នុងមួយគីឡូក្រាមស្ងួតប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំទាំងមូល មានផ្ទៃដីដាំម្រេចប្រមាណជាង ១០០០ហិកតា ដែលចំនួននេះ ថយចុះដោយសារប្រជាពលរដ្ឋមួយចំនួនបានបោះបង់ចោល។ លោកថា ឆ្នាំនេះតម្លៃបានឡើងថ្លៃវិញបន្តិចហើយសង្ឃឹមថានឹងមានតម្លៃខ្ពស់ជាងនេះដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលប្រាក់ចំណេញខ្លះ៕