×

ក្រឡាប់ទូក​ស្លា ប់១៧នាក់ អំឡុងពេល​ធ្វើដំណើរ​ពីមីយ៉ាន់ម៉ា​ទៅកាន់​ប្រទេសម៉ាឡេស៊ី

មីយ៉ាន់ម៉ា៖ ទូកដែលមានផ្ទុកមនុស្សយ៉ាងតិច ៩០នាក់ បានក្រឡាប់ ពេលកំពុងធ្វើដំណើរពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសម៉ាឡេស៊ី ឆ្លងកាត់ឈូងសមុទ្របេនហ្គាល់ (Bengal) ។ សាកសពមួយចំនួនត្រូវបានទៅទើនៅឆ្នេរក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ខណៈអ្នកដំណើរជាង ៥០នាក់នៅតែបាត់ខ្លួន។

ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ ដែលភាគច្រើនជាជនជាតិភាគតិចមូស្លីម បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីការបង្ក្រាបដោយយោធាកាលពីជិត ៥ឆ្នាំមុន។ ពួកគេមួយចំនួននៅតែស្ថិតក្នុងរដ្ឋរ៉ាឃីន ដែលជាកន្លែងដែលពួកគេភាគច្រើនរស់នៅក្នុងជំរុំមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ។

ទូកនេះ បានចាកចេញពីទីក្រុង Sittwe រដ្ឋធានីរដ្ឋរ៉ាឃីន កាលពីថ្ងៃទី១៩ ខែឧសភា ប៉ុន្តែវាបានជួបនូវអាកាសធាតុអាក្រក់ ២-៣ថ្ងៃក្រោយមក។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការស្លាប់ដែលត្រូវបានរាយការណ៍ ហើយកំពុងស្វែងរកព័ត៌មានបន្ថែមពីប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បាននិយាយថា ទូកនោះ បានក្រឡាប់ប្រហែល ៨គីឡូមែត្រពីភាគខាងលិចនៃកោះ Thapyay Hmaw ក្បែរក្រុង Shwe Thaung Yan ភាគខាងត្បូងនៃរដ្ឋរ៉ាឃីន។

ឈ្មួញបានយកប្រាក់ពីជនភៀសខ្លួន ៣ ទៅ ៥លាន Kyat (១.៦០០-២.៧០០ ដុល្លារ) ក្នុង ម្នាក់ ដើម្បីនាំពួកគេចេញពីរដ្ឋរ៉ាឃីន។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការឆ្លងសមុទ្រ បានឱ្យដឹងថា ឆ្នាំ២០២០ គឺជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ដែលឆ្លងកាត់ឈូងសមុទ្របេនហ្គាល់ (Bengal) និងអានដាម៉ាន់ (Andaman) ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែសីហាឆ្នាំមុន ថា ក្នុងចំណោមមនុស្ស ២.៤១៣នាក់ដែលបានធ្វើដំណើរក្នុងឆ្នាំ២០២០ មាន ២១៨ នាក់បានស្លាប់ ឬបាត់ខ្លួននៅសមុទ្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង