×

ក្រសួងទេសចណ៍ សិក្សា​លទ្ធភាព​បើក​ផ្លូវទឹក​ទ្វេភាគី រវាង​ខេត្តកែប និងកោះត្រល់ (ហ្វូគុក)

អត្ថបទ៖ ង៉ុង សាន់

កែប៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីលទ្ធភាពក្នុងការបើកច្រកផ្លូវទឹករវាង ខេត្តកែប និងកោះត្រល់ (ហ្វូគុក) ដើម្បីស្រូបទាញភ្ញៀវទេសចរពីប្រទេសវៀតណាម តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរពីកំពង់ផែកោះទន្សាយ នៃខេត្តកែប តាមរយៈនាវាល្បឿនលឿន ភ្ជាប់ទៅកោះត្រល់ (ហ្វូគុក)។

ក្នុងសិក្ខាសាលាស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកែប កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក ថោង ខុន បានលើកឡើងថា ការដាក់ចេញនៅផែនការបើកច្រកផ្លូវទឹកទ្វេភាគីនេះ ដោយសារតែខេត្តកែប មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់នូវតម្រូវការផ្សេងៗ ក្នុងនោះខេត្តនេះក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់រួចមកហើយ នូវកំពង់ផែស្តង់ដាររបស់ខ្លួន ដែលអាចឲ្យនាវាទេស ចរណ៍ខ្នាតមធ្យមចូលចតបាន ស្របពេលដែលខេត្តនេះកំពុងដំណើរការទៅដោយរលូនក្នុងការអនុវត្តន៍ការពង្រីកឆ្នេរកម្សាន្តសាធារណៈប្រណិតខ្ពស់ប្រវែង ២.៧០០ម។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រៅពីការសិក្សាលទ្ធភាពក្នុងការទាញយកភ្ញៀវទេសចរពីប្រទេសជិតខាងរបស់យើង ក្រសួងក៏រំពឹងខ្ពស់ថា ទេសចរណ៍ផ្ទៃក្នុង ក៏នឹងងើបឡើងវិញក្នុងទំរង់អក្សរ V ដោយសារការលើកលែងលក្ខខណ្ឌនានាក្នុងការធ្វើដំណើរក្រោយពីជំងឺកូវីដ១៩ មានការថយចុះ។ ហើយក្នុងឆ្នាំ២០២៣ យើងអាចនឹងទទូលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុងប្រមាណ ១១លាននាក់ ទៅតាមផែនការដែលយើងបានគូសវាសរួចហើយ តែទេសចរអន្តរជាតិ អាចនឹងពិបាក ដូចនេះការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់គឺជារឿងសំខាន់ ដោយសារឆ្នេររបស់យើងនៅខេត្តទាំង៤ មានភាពទាក់ទាញខ្លាំង។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់បន្ថែមឲ្យ CNC ដឹងនាព្រឹកថ្ងៃទី៣១ ខែឧសភានេះថា យោងតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែបកំពុងសិក្សាដើម្បីសុំគោលការណ៍ពីក្រសួងមហាផ្ទៃ អំពីលទ្ធភាព ថាតើកម្រិតនៃការបើកច្រកទ្វារផ្លូវទឹក រវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងកម្រិតតំបន់ ឬអន្តរជាតិ។

យោងតាម ស្ថិតិទេសចរណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា រយៈពេល ៤ខែ ដើមឆ្នាំ២០២២ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបាន ទេសចរអន្តរជាតិមកកម្សាន្តមានចំនួនសរុបជាង ១៨ម៉ឺននាក់ កើនឡើង ៣១០,៥% បើធៀបនឹងឆ្នាំ២០២១ ទេសចរជាតិមកកម្សាន្តមានចំនួន ១,៩៤លាននាក់ កើនឡើង ១១៤,៦% បើធៀបនឹងឆ្នាំ ២០២១។

ដោយឡែក ខេត្តកែប សម្រាប់ ៥ខែដើមឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិមកកម្សាន្តមានចំនួនសរុប ៧.៧៥៩នាក់ កើនឡើង ៣៨១% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិមកកម្សាន្តមានចំនួនជាង ៥៧ម៉ឺននាក់ កើនឡើង ១៦៦,២១% បើធៀបនឹងឆ្នាំ២០២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង