ភ្នំពេញ៖ ជំងឺគ្រុនឈាម ក្នុងអំឡុង២២សប្តាហ៍ ដើមឆ្នាំ២០២២ មានចំនួន ១.៣៥៤ករណី ក្នុងនោះស្លាប់ចំនួន ៣ករណី។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅជាងពាក់កណ្តាលឆ្នាំ២០២២។
ករណីគ្រុនឈាមបានកើនឡើងជាង១០០ភាគរយ ធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។
យោងតាមលទ្ធផលការអង្កេតបាណកសាស្ត្រ រួមផ្សំនឹងកត្តាអាកាសធាតុ ដែលកំណើនទឹកភ្លៀងក្នុងអំឡុងពេលដើមឆ្នាំនេះ អាចសន្និដ្ឋានបានថា ចំនួនជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងកាន់ខ្លាំងក្នុងរដូវវស្សានេះ នៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានកំណើនការសាងសង់អគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ។
ជំងឺគ្រុនឈាម អាចកើតលើមនុស្សគ្រប់វ័យ។ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សត្វមូសខ្លា បង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ម៉ែត្រ ពីទីកន្លែងកកើត៕