×

រឿងភាគថ្មី “គ្រួសារសុខសាន្ត” ដែល​បង្កប់​អត្ថន័យ​អប់រំ និងកម្សាន្ត នឹង​ត្រូវចាក់ផ្សាយ​នៅ CTN ឆាប់ៗនេះ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុនបណ្ដាញទូរទស្សន៍កម្ពុជា (CBS) និង អង្គការប៊ីប៊ីស៊ី មេឌាអ៊ែកសិន (BBC Media Action) បានសម្ពោធជាផ្លូវការរឿងភាគទូរទស្សន៍ថ្មី ក្រោមចំណងជើងថា “គ្រួសារសុខសាន្ត” ដែលមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់លោក Rajveer Singh នាយកប្រតិបត្តិ CBS លោកស្រី Gemma Hayman នាយិកាប្រចាំប្រទេស នៃអង្គការ BBC Media Action, លោក Adrian Scherler ប្រធាន Governace Portfolio នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងលោកស្រី Camilla Ottosson ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ស្ថានទូតស៊ុយអែតការិយាល័យ រាជធានីភ្នំពេញ) ព្រមទាំងស្ថាប័នសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ផងដែរ។

រឿងភាគ “គ្រួសារសុខសាន្ត” ដែលជារឿងបែបអប់រំ និងកំប្លែងដ៏ថ្មីសន្លាងរបស់អង្គការ BBC Media Action នឹងធ្វើការលាតត្រដាង និងស្វែងយល់អំពីលក្ខខណ្ឌមួយចំនួន ដើម្បីក្លាយជាគ្រួសារដ៏សុខសាន្តមួយក្នុងប្រទេសកម្ពុជា ក្នុងសតវត្សរ៍ទី២១នេះ។ តាមរយៈរឿងភាគមួយនេះ ក្រុមការងាររបស់អង្គការ ប៊ីប៊ីស៊ី មេឌាអ៊ែកសិន ដែលនៅពីក្រោយកម្មវិធីទូរទស្សន៍ដ៏ពេញ និយមមួយចំនួន ដូចជា ស្ថានីយក្តីស្រមៃ កុំចាំទឹកភ្លៀង និងផ្ទះក្លាហាន9 បានចាប់ដៃគូជាថ្មីម្តងទៀតជាមួយក្រុមហ៊ុនបណ្តាញទូរទស្សន៍កម្ពុជា (CBS)។

រឿងភាគទូរទស្សន៍ថ្មី ដែលមានចំនួន១៣ភាគនេះ នឹងចាក់បញ្ចាំងនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN។ សាច់រឿង នឹងដំណាលអំពីរឿងរ៉ាវរបស់គ្រួសារតូចមួយ គឺគ្រួសារ ពូ សុខ និង មីង សាន្ត ហើយនិងកូនៗរបស់ពួកគាត់ដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីបង្កើតគ្រួសារដ៏សុខសាន្តមួយ។ ខណៈគ្រួសាររបស់ពួកគាត់ ហាក់មានភាពស្រុះស្រួលរួបរួមគ្នា ការប្រេះឆានានាក៏បានចាប់ផ្តើមលេចរូបរាងឡើង នៅពេលដែលកូនៗកាន់តែធំធាត់ឡើង ដែលធ្វើឱ្យពួកគេចង់បានឯករាជ្យភាពបន្ថែមទៀត ពីឳពុកម្តាយ។ កូនស្រីច្បងឈ្មោះ ចន្ទ មិនសូវនិយាយស្ដីក្នុងគ្រួសារ កូនស្រីពៅ ក្ដឹប អំពិល មានមហិច្ឆតាធំ ដែលវានៅតែបន្តធ្វើឱ្យនាងមានបញ្ហាជាមួយគ្រួសារ ចំណែកឯកូនប្រុស ទិត្យ មានអាកប្បកិរិយាប្លែកៗចំពោះ ជីវិតរបស់គេ ហើយកំពុងសាកល្បងជាមួយមនុស្សគ្រប់គ្នានៅជុំវិញខ្លួន។

“គ្រួសារសុខសាន្ត” នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ វេលាម៉ោង១២ ថ្ងៃត្រង់ និងថ្ងៃសៅរ៍ វេលាម៉ោង ៥ ល្ងាច។ លោកអ្នកក៏អាចមើលរឿងនេះបានតាមប្រព័ន្ធអនឡាញផងដែរ តាមរយៈតំណភ្ជាប់នេះ https://facebook.com/klahan9cambodia និង https://youtube.com/c/klahan9cambodia

លោក Rajveer Singh អគ្គនាយកប្រតិបត្តិបណ្តាញទូរទស្សន៍កម្ពុជា (CBS) មានប្រសាសន៍ថា៖ “វាជាមោទកភាពមួយសម្រាប់ CBS ក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីនាំ ‘គ្រួសារសុខសាន្ត’ ទៅកាន់ទស្សនិកជនរបស់យើងទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់យើង បាននិងកំពុងចែករំលែកនូវចក្ខុវិ ស័យរួមមួយក្នុងការនាំយកទៅឱ្យភាគីពាក់ព័ន្ធរបស់យើងនូវការកម្សាន្តដ៏ល្អបំផុត ហើយ ‘គ្រួសារសុខសាន្ត’ គឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ CBS ។”

លោកស្រី Gemma Hayman នាយិកាប្រចាំប្រទេស នៃអង្គការ BBC Media Action មានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលបានបើកសម្ពោធរឿងភាគទូរទស្សន៍ថ្មី ‘គ្រួសារសុខសាន្ត’ និងរីករាយជាខ្លាំងដែលបានចាប់ដៃគូជាមួយបណ្ដាញទូរទស្សន៍កម្ពុជា ដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជន ឱ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន។ ក្រុមការងារដ៏ប៉ិនប្រសប់ និងប្រកបដោយភាពច្នៃប្រឌិតរបស់ យើងបានខិតខំអភិវឌ្ឍ និងផលិតកម្មវិធីថ្មីសន្លាងនេះ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី សមត្ថភាពរបស់យុវជន ភាពជាគំរូល្អៗ ដែលពួកគេអាចចូលរួមក្នុងជីវិតសាធារណៈ និងលើកទឹកចិត្តឱ្យមានការពិភាក្សាលើបញ្ហាទាំង នេះប្រកបដោយភាពស្រុះស្រួល និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា។ យើងសង្ឃឹមថាទស្សនិកជននឹងចូលចិត្តរឿង គ្រួសារសុខសាន្ត។”

រឿងភាគទូរទស្សន៍ថ្មីនេះ ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពយុវជនតាមរយៈពហុវេទិការបស់ អង្គការ BBC Media Action គម្រោងក្លាហាន9 ស្តេស (Klahan9 SPACE) ដែលជួយគាំទ្រដល់ការចូលរួម ពិភាក្សា និងការចូលរួមអភិវឌ្ឍសហគមន៍របស់ប្រជាពលរដ្ឋ ដែលត្រូវបានផ្ដល់មូលនិធិដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងស្ថានទូតស៊ុយអែត ដែលមានការិយាល័យនៅរាជធានីភ្នំពេញ។ គម្រោងនេះ មានគោលបំណងជួយផ្ដល់ជាប្រយោជន៍ដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាព ជំនាញ និងចំណេះដឹងនានា សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ដែលពួកគាត់រស់នៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង