
ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គរ រន្ទះ ដោយសារឥទ្ឋិពលជ្រលង នៃប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២២។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយបណ្តារាជធានី ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយក្នុងអំឡុងពេលជាមួយគ្នានោះ ក៏អាចមានផ្នែគនៃបណ្តាខេត្តខ្លះ មានភ្លៀងធ្លាក់ច្រើន។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម៕
