×

ប៉ាគីស្ថាន ប្រាប់​ពលរដ្ឋ​ខ្លួន​ឱ្យ​កាត់បន្ថយ​ការផឹកទឹក​តែ​ដើម្បី​ជួយសេដ្ឋកិច្ច

ប៉ាគីស្ថាន៖ ប្រជាពលរដ្ឋប៉ាគីស្ថាន ត្រូវបានណែនាំឱ្យកាត់បន្ថយការផឹកទឹកតែ ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ប្រទេស។

លោករដ្ឋមន្ត្រី Ahsan Iqbal បាននិយាយថា ការធ្វើបែបនេះនឹងកាត់បន្ថយតម្លៃនៃការនាំចូលតែដែលមានតម្លៃខ្ពស់។ ប្រទេសប៉ាគីស្ថាន គឺជាប្រទេសនាំចូលតែដ៏ធំបំផុតរបស់ពិភពលោក ដោយបានទិញក្នុងតម្លៃជាង ៦០០ លានដុល្លារ កាលពីឆ្នាំមុន។

លោក Iqbal បាននិយាយថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាជាតិឱ្យកាត់បន្ថយការទទួលទានតែមួយទៅពីរពែង ពីព្រោះយើងនាំចូលតែដោយប្រាក់កម្ចី”។ លោកក៏បានស្នើឱ្យអាជីវករ បិទតូបលក់ដូរនៅតាមទីផ្សារ នៅត្រឹមម៉ោង ២០ និង ៣០ នាទី ដើម្បីសន្សំសំចៃអគ្គិសនី។

ការស្នើនេះ បានកើតឡើងនៅពេលដែលទុនបម្រុងរូបិយបណ្ណបរទេសរបស់ប៉ាគីស្ថានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយដាក់សម្ពាធលើរដ្ឋាភិបាលឱ្យកាត់បន្ថយការចំណាយលើការនាំចូលខ្ពស់ និងរក្សាមូលនិធិនៅក្នុងប្រទេស។

សំណើកាត់បន្ថយការផឹកតែ បានល្បីសុះសាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមនុស្សជាច្រើនលើកឡើងថា បញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ប្រទេស អាចត្រូវបានដោះស្រាយដោយការកាត់ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនផងដែរ។ សូមជម្រាបថា កាលពីខែមុន មន្ត្រីនៅទីក្រុងការ៉ាជី បានរឹតបន្តឹងការនាំចូលវត្ថុប្រណីតមិនសំខាន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង