×

សមត្ថកិច្ច​វៀតណាម បង្ក្រាប​កន្លែង​ផលិត​សាំង​ក្លែងក្លាយ​នៅ​ភាគខាងត្បូងប្រទេស

វៀតណាម៖ ម្ចាស់ទីតាងមួយនៅខេត្ត Vung Tau ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទសង្ស័យផលិត និងលក់សាំងក្លែងក្លាយ។

សារព័ត៌មានពីវៀតណាម បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មន្ទីរខេត្តបានចាប់ខ្លួនបុរសអាយុ ៣៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Gia Khiem កាលពីល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុន។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់បានរថយន្តកុងតឺន័រមួយគ្រឿង ដែលបានចាក់សារធាតុគីមី ចូលក្នុងធុងសាំងនៅស្ថានីយលក់ប្រេងឥន្ធនៈ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Gia Khiem ។

អ្នកបើកបររថយន្តបានអះអាងថា គាត់បានដឹកជញ្ជូនសារធាតុគីមីប្រហែល ១១ តោនពីក្រុមហ៊ុនមួយ នៅទីក្រុងហូជីមិញ ទៅកាន់ស្ថានីយលក់ប្រេងឥន្ធនៈ។ ប៉ូលីស ក៏បានបញ្ឈប់រថយន្តដឹកប្រេងមួយគ្រឿងទៀត ខណៈដែលវាកំពុងដឹកប្រេងសាំងក្លែងក្លាយ ទៅកាន់ស្ថានីយចាក់ប្រេងចំនួនពីរនៅក្នុងឃុំចំនួនពីរ ក្នុងខេត្ត Vung Tau។

មន្ត្រីបានឆែកឆេរផ្ទះរបស់ថៅកែក្រុមហ៊ុន Gia Khiem នៅទីក្រុងហូជីមិញ ហើយរឹបអូសបានម្សៅពណ៌ជាច្រើន លុយរាប់រយលានដុង និងឯកសារពាក់ព័ន្ធ។ ចំណែកការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង