កម្សាន្ត៖ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមនាំគ្នានិយាយថា កាលពីឆ្នាំ ២០០៦ ឪពុករបស់កំពូលអ្នកលេងព្យាណូ Lang Lang បានឱ្យដឹងក្នុងបទសម្ភាសមួយថា មានថ្ងៃមួយ មិត្តភក្តិរបស់គាត់បានលេងបទ Matchmaker ឱ្យកូនប្រុសរបស់លោកស្តាប់ និងបានបន្ថែមថា តារាសម្តែង Liu Yifei ពេញចិត្តកូនប្រុសរបស់លោកជាខ្លាំងថែមទាំងចង់ក្លាយជាមិត្តស្រីរបស់ Lang Lang ទៀតផង។
គ្រាន់តែឮពាក្យទាំងនេះចេញមកភ្លាម Liu Yifei បានឆ្លើយតបក្នុងបទសម្ភាសថា៖ “តើអ្នកយល់ថាអាចទៅរួចទេ?” ជាការឆ្លើយតបទៅឪពុករបស់ Lang Lang តារាសម្តែងត្រកូល Liu រូបនេះបាននិយាយថា នេះប្រហែលជាពាក្យចចាមអារ៉ាមនៅលើអនឡាញប៉ុណ្ណោះ ហើយមុនពេលផ្ទុះពាក្យទាំងនេះខ្ញុំក៏មិនស្គាល់ថា Lang Lang ជាអ្នកណាដែរ ទើបតែពេលនេះបានដឹងថាគាត់គឺជាអ្នកលេងព្យាណូដ៏ពូកែម្នាក់ ទោះជាយ៉ាងណា បុរសក្នុងក្តីស្រម៉ៃរបស់នាងគឺជាបុរសដែលមានទម្រង់មុខស្លីម។
ក្រលេកទៅមើលការឆ្លើយតបរបស់សាមីខ្លួន Lang Lang ឯណោះវិញបានឱ្យដឹងថា ចំពោះអាជីពជាអ្នកលេងតន្ត្រីបុរាណបស្ចិមប្រទេស និងក្នុងរង្វង់សិល្បៈកម្សាន្តគឺវាមានភាពខុសគ្នាឆ្ងាយ ដូចនេះខ្ញុំមិនយល់ពីរង្វង់សិល្បៈកម្សាន្តឡើយ។ ពាក្យទាំងនេះ Lang Lang ចង់បង្ហាញតម្រុយឱ្យដឹងថា លោកក៏មិនស្គាល់ Liu Yifei ដែរ។
គួរបញ្ជាក់ដែរថា គ្រាន់តែ Lang Lang និយាយបែបនេះភ្លាម អ្នកគាំទ្ររបស់តារាស្រី Liu Yifei បាននាំគ្នារិះគន់ថា៖ “ប្រសិនលោកត្រូវបាននាងពេញចិត្តមែននោះ ចាត់ទុកថាសំណាងហើយ”។ យ៉ាងណាមិញ Liu Yifei គឺជាតារាសម្តែងស្រីលំដាប់ A ដែលមានភាពលេចធ្លោខ្លាំងក្នុងពិភពសិល្បៈកម្សាន្ត។
ប៉ុន្តែបើក្រលេកមើលអ្នកលេងព្យាណូ Lang Lang វិញក៏មិនអន់ឡើយ ព្រោះនៅក្នុងពិភពតន្ត្រីបែប Classical Music លោកជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ដែលត្រូវបានអញ្ជើញឱ្យចូលរួមលេងតន្ត្រី Orchestra ធំៗនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក បន្ទាប់ពីជោគជ័យក្នុងអាជីពជាអ្នកលេងតន្ត្រីកំពូលម្នាក់ហើយ លោកក៏បានរៀបការជាមួយនឹងស្រីស្អាតកូនកាត់អាល្លឺម៉ង់-កូរ៉េ ដែលមានអាជីពដូចគ្នា និងទទួលបានកូនប្រុសម្នាក់ផងដែរ៕