ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៦ ដល់ ១២ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយ លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពី មធ្យមទៅបង្គួរ។
ក្រសួងធនធានទឹក បានបន្តថា តំបន់ទំនាបកណ្តាល នឹងអាចសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °Cព្រមទាំងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។
សម្រាប់ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ព្រមទាំងនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ ។
ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºCសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ថែមទាំងនឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលក សមុទ្រមានកម្ពស់ខ្ពស់៕