×

ថ្ងៃនេះ​ខួប១៤ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ជាខួប១៤ឆ្នាំ ដែលប្រាសាទព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ ត្រូវបានអង្គការយូណេស្កូ(UNESCO) សម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការចុះបញ្ជីប្រាសាទព្រះវិហារ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនត្រឹមតែបង្ហាញពីមោទនភាពរបស់ខ្មែរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពិភពលោកទាំងមូល មានកាតព្វកិច្ចជួយការពារ និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃមួយនេះឲ្យគង់វង្សយូរអង្វែងទៀតផង។

ប្រាសាទព្រះវិហាររបស់ខ្មែរ មានអាយុកាលជាង ១.០០០ឆ្នាំ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។ ចាប់តាំងពីការចុះបញ្ជីប្រាសាទព្រះវិហារ ទៅជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គឺមានរយៈពេល ១៤ឆ្នាំហើយ បន្ទាប់ពីបោះឆ្នោតឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងនៅទីក្រុងកេប៊ិច (Quebec) នៃប្រទេសកាណាដា (Canada)។

នៅក្រោយការចុះបញ្ជីប្រាសាទព្រះវិហារ ឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកមក ប្រទេសថៃបានខឹងសម្បារយ៉ាងខ្លាំង ហើយក៏លើកទ័ពជាង ៥០០នាក់ ចូលលុកលុយតំបន់ប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី១៥ ខែកក្កដា បណ្ដាលឲ្យកងទ័ពខ្មែរ និងថៃ បានវាយប្រយុទ្ធគ្នាជាច្រើនលើកក្នុងរឿងជម្លោះព្រំដែនតំបន់ប្រាសាទព្រះវិហារ។ បច្ចុប្បន្នថៃនៅតែចិញ្ចឹមចិត្ត ចង់បានប្រាសាទព្រះវិហាររបស់ដូនតាខ្មែរធ្វើជារបស់ខ្លួនដោយមិនអៀនខ្មាស។

ក្នុងថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ផងដែរ។ សម្តេចបានចាត់ទុកថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាឱ្យពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង