ថៃ៖ សារមន្ទីរសិល្បៈ Metropolitan នៅទីក្រុងញូវយ៉ក កំពុងតាំងបង្ហាញរូបចម្លាក់ ដែលគេជឿថាជាព្រះមហាក្សត្រខ្មែរបុរាណ។ ឥឡូវនេះ បុរាណវិទូនៅខេត្តបូរីរ៉ាំ ប្រទេសថៃ កំពុង តែទាមទារយករូបចម្លាក់នេះទៅប្រទេសថៃ ដែលអះអាងថាជាកម្មសិទ្ធិរបស់ថៃ។
សារព័ត៌មានថៃ បានចុះផ្សាយថា ចម្លាក់ធ្វើពីស្ពាន់នេះ ត្រូវបានឈ្មួញរត់ពន្ធពីក្រៅប្រទេស ប៉ុន្តែស្ត្រីក្នុងស្រុក អាយុ ៦៧ ឆ្នាំម្នាក់នៅភូមិ Ban Yang ទទួលស្គាល់ថា វាជាវត្ថុបុរាណដែលប្អូនថ្លៃរបស់គាត់ បានរកឃើញកាលពី ៥០ឆ្នាំមុន នៅពេលគាត់ជីកដីនៅក្បែរប្រាសាទបាក់បែក។
ក្រុមអភិរក្សថៃ និយាយថា រូបចម្លាក់ដែលមានកម្ពស់ ប្រហែល ១១០សង់ទីម៉ែត្រ ត្រូវបានគេជឿថាជារូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៦ នៃអាណាចក្រខ្មែរ ឆ្លាក់នៅចន្លោះឆ្នាំ ១០៨០ ដល់ ១១០៧ នៃគ.ស។
កាលពីឆ្នាំមុន ផ្ដែរចំនួនពីរ ត្រូវបានបញ្ជូនមកពីសារមន្ទីរ Asian Art Museum ក្នុងទីក្រុង San Francisco ទៅឱ្យប្រទេសថៃ ហើយត្រូវបានគេដំឡើងវិញនៅប្រាសាទក្នុងខេត្តបូរីរ៉ាំ និងខេត្តស្រះកែវ ដែលត្រូវបានគេអះអាងថា ជាកន្លែងដែលពួកវាបានបាត់ចេញទៅ៕