×

វារីអគ្គិសនី​កំចាយ សម្រេច​បិទទ្វារទឹក​មួយវិញ បន្ទាប់ពី​បើក៤ទ្វារ កាលពី​យប់ថ្ងៃទី១២ ខែកក្កដា

កំពត៖ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន៤ ដែលមានកម្ពស់ ២ម៉ែត្រ ដើម្បីរំដោះទឹកចេញ។ ដោយពិនិត្យឃើញពីស្ថានភាពនៃលំហូរទឹកចូលក្នុងអាងស្តុកទឹកមានការថយចុះ ទើបបិទទ្វារទឹកចំនួន១វិញ ដោយទុកតែ៣ប៉ុណ្ណោះ នៅវេលាម៉ោង ១:១៨នាទីរំលងអាធ្រាត ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ ការបើកទ្វារទឹកចំនួន ៣នេះ មានកម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ និងលំហូរចេញមានចំនួន ៧៨៣.៩ម៉ែត្រគូបក្នុង/វិនាទី។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការបើកទ្វាររំដោះទឹកចេញពីទំនប់អាងស្តុកទឹកវារីអគ្គិសនីកំចាយ របស់ក្រុមហ៊ុន ស៊ីណូហាដ្រូ ដែលការបើករំដោះទឹកចេញពីអាងស្តុកនេះធ្វើឡើងក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ក្រសួងធនធានទឹក និងឧតុនិយម អះអាងថា ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមាន ចំនួន ១,០៨៨,៥ម៣/វិនាទី។

សូមបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវដល់កម្រិតប្រកាស់អាសន្នក្នុងទំនប់វារីអគ្គិសនីកំចាយ មានកម្ពស់ ១៤៨ម៉ែត្រ។ នៅពេលដែលកម្ពស់ទឹកកើនឡើងជិតដល់កម្រិតប្រកាស់អាសន្ន ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ និងធ្វើការបើកទ្វាររំដោះទឹកចេញពីអាងស្តុកតាមលក្ខណៈបច្ចេកទេសដើម្បីគ្រប់គ្រងកម្ពស់ទឹកក្នុងអាងស្តុក៕

 

អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង