×

គ្នាយើងក្រោមអាយុ៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម

ការសិក្សាមួយដែលបានចេញផ្សាយដោយទស្សនាវដ្ដី BMJ បានរកឃើញថា ជារៀងរាល់ឆ្នាំ មនុស្សវ័យក្មេងប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមកាន់តែច្រើនឡើងៗ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់៣៩ឆ្នាំ គឺមានកំណើនរហូតដល់៥៦%ឯណោះ។

កត្តាអ្វីខ្លះនាំឱ្យមនុស្សវ័យក្មេងកើតជំងឺទឹកនោមផ្អែម?
• ហ្សែន
• កង្វះសកម្មភាពរាងកាយ ឬមិនសូវហាត់ប្រាណ
• ស្ត្រេស
• ជាតិពុល
• សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (ធាត់លើសទម្ងន់)
• របបអាហារដែលមានជាតិកាឡូរីខ្ពស់។
រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមកើតលើមនុស្សវ័យក្មេងអាចមានភាពខុសៗគ្នា
អ្នកជំនាញបានឱ្យដឹងថា រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមដែលកើតលើមនុស្សវ័យក្មេង រួមមាន៖
• ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
• នោមញឹកញាប់
• ឃ្លានខ្លាំង
• ការឆ្លងមេរោគប្រដាប់ភេទ
• ខ្សោយ
• ហត់នឿយ
• លិង្គមិនឡើងរឹង
រោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម
គ្នាយើងគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលអាចបញ្ជាក់ពីវត្តមាននៃជំងឺទឹកនោមផ្អែម មានដូចជា នោមញឹកញាប់ ស្រេកទឹកខ្លាំង ស្រកទម្ងន់ ឃ្លានខ្លាំង ព្រិលភ្នែក ស្ពឹកប្រអប់ជើង អស់កម្លាំង និងស្បែកស្ងួត។
ជំងឺទឹកនោមផ្អែមអាចបង្កើនហានិភ័យនៃជំងឺដទៃទៀត
ជំងឺទឹកនោមផ្អែម អាចបង្កើនហានិភ័យនៃផលវិបាកដទៃទៀត ដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ លើសពីនេះ ជំងឺទឹកនោមផ្អែមក៏អាចបំផ្លាញសរសៃប្រសាទ និងប៉ះពាល់ដល់ការមើលឃើញ សមត្ថភាពស្តាប់ សុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពមាត់ធ្មេញថែមទៀតផង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង