×

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ប្រកាស​ដកហូត​ដីព្រៃជិត​២០០ហិកតា​ក្រោយ​មាន​ការកាប់​រានពី​ក្រុមជនទុច្ចរិត

ដោយ៖ ប៊ុត សារុន

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបដិសេធ និងដកហូតដីព្រៃមួយកន្លែងមកវិញ ក្រោយមានការកាប់រានទន្ទ្រានយកធ្វើជាកម្មសិទ្ធិពីក្រុមជនទុច្ចរិត។ ការប្រកាសបដិសេធ និងដកហូតដីព្រៃមកវិញនេះធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅលើផ្ទៃដីប្រមាណ ១៧១ហិកតា និង ២៨អារ ស្ថិតក្នុងភូមិសាស្ត្រ ភូមិខ្តេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ដីនោះបានរងការកាប់គាស់ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានទុកឱកាសឱ្យយក្រុមជនដែលបានកាប់គាស់រុករាន គ្រប់គ្រងដោយខុសច្បាប់ទាំងនោះរយៈពេល ៣០ថ្ងៃ ដើម្បីចូលខ្លួនតវ៉ា ផងដែរ។

ជុំវិញនៃការដកហូតដីព្រៃក្នុងដែនឧទ្យានជាតិនេះដែរ ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះចំណាត់ការមួយនេះ ហើយក៏សំណូមពរឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្តបន្តកណ្តាប់ដៃដែកលើក្រុមជនទុច្ចរិតជាច្រើននាក់ទៀត ដែលបាននិងកំពុងបន្តរុករានលើដីរដ្ឋក្នុងភូមិសាស្ត្រផ្សេងទៀតស្រុកឱរ៉ាល់ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ហើយពិសេសសូមជួយចាត់ការលើក្រុមមន្ត្រីដែលកន្ទេលធំបន្លំដេក និងត្រីងៀតឆ្លៀតពង ព្រោះពិតជាមានមន្ត្រីជំនាញនៅពីក្រោយនៃការកាប់រាននោះមែន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង