×

ឧស្សាហ៍ឡើងជាំ ឬអុជក្រហម​លើស្បែក អាចជា​សញ្ញា​បញ្​ហាគ្រាប់ឈាម

គ្នាយើងមួយចំនួនធំ ពេលឃើញមានរោគសញ្ញាចម្លែកដូចជាជាំ ឬឡើងកន្ទួលលើស្បែក២-៣កន្លែង មិនសូវជាខ្វល់ខ្វាយរកមូលហេតុបង្កប៉ុន្មាន ភាគច្រើនគិតថា វានឹងបាត់ទៅវិញដោយឯកឯង។ ផ្ទុយទៅវិញ ការប្រែប្រួលលើស្បែកយើងដោយខ្លួនឯងអាចជាសញ្ញារបស់បញ្ហាសុខភាពណាមួយដូចជា បញ្ហាគ្រាប់ឈាមជាដើម។

យោងតាមការផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឱ្យដឹងថា ការស្រាវជ្រាវខាងវេជ្ជសាស្ត្រអះអាងថា អាការបែបនេះភាគច្រើនកើតឡើងដោយសារបញ្ហាគ្រាប់ឈាម ហើយជំងឺគ្រាប់ឈាមទាំងនេះ អាចបណ្ដាលមកពីវិបត្តិកំណកឈាម ឬគ្រាប់បា្លកែតថយចុះខ្លាំងខុសប្រក្រតី។
មូលហេតុបញ្ហាគ្រាប់ឈាម ២ធំៗ បណ្ដាលឱ្យឡើងជាំ ឬអុជៗ

១. ការផលិតគ្រាប់ឈាមប្លាកែតថយចុះ

• កង្វះជីវជាតិ B12
• ផឹកស្រាលើសចំណុះ និងរយៈពេលយូរ
• ជំងឺឆ្លងខ្លះបណ្ដាលមកពីវីរុស (ឧទាហរណ៍ ជំងឺផ្ដាសាយ ជំងឺគ្រុនឈាម ជាដើម។)
• ជំងឺមហារីកឈាម

២. ការបំផ្លាញប្លាកែតក្នុងសរសៃឈាម

• អ្នកជំងឺមានអង្គបដិបក្ខប្រឆាំងនឹងប្លាកែត
• ប្រើប្រាស់ថ្នាំផ្សះច្រើន
• ស្ត្រីមានផ្ទៃពោះខ្លះ
• ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី លក្ខណៈជាប្រព័ន្ធ

ក្រៅពីឡើងជាំ និងអុជក្រហម ដូចមូសខាំដោយគ្មានមួលហេតុច្បាស់លាស់ រោគសញ្ញាប៉ុន្មានខាងក្រោមជារោគសញ្ញារួមផ្សំគ្នាយើងគួរយកចិត្តទុកដាក់ដូចជា៖

• ស្នាមជាំពេលប៉ះពាល់តិចតួច ឬក្រោយពេលចាក់ថ្នាំ
• អាចចេញឈាមតាមជើងធ្មេញដោយឯកឯង ឬពេលដុសធ្មេញ
• ចំពោះស្ត្រី មានរដូវមកច្រើន និងក្នុងរយៈពេលវែងខុសធម្មតា
• អាចមានលាមកពណ៌ខ្មៅ ឬទឹកនោមមានឈាម (សញ្ញាធ្ងន់ធ្ងរ)

ក្នុងករណីគ្នាយើងចេះតែឡើងអុជៗលើស្បែក ឬឡើងជាំដោយមិនមានមូលហេតុញឹកញាប់ គួរទៅជួបពិនិត្យជាមួយគ្រូពេទ្យរកមួលហេតុ និងព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ដើម្បីការពារសុខភាពពីការកើតជំងឺធ្ងន់ធ្ងរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង