×

ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៅរដូវភ្លៀង ជាមួយ​អាហារ​ទាំង៦ប្រភេទ

គ្នាយើងភាគច្រើនតែងប្រឈមនឹងជំងឺផ្ដាសាយ ក្អក គ្រុនក្ដៅ ឬការឆ្លងមេរោគនៅអំឡុងរដូវភ្លៀង។ ដូច្នេះហើយ យើងចាំបាច់ការពារខ្លួនប្រឆាំងនឹងជំងឺផ្សេងៗ ដោយការពង្រឹងប្រព័ន្ធភាពស៊ាំ។ ពិតណាស់ មានវិធីសាស្ត្រជាច្រើនដែលអាចជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ ដូចជាការហាត់ប្រាណជាប្រចាំ និងការញ៉ាំភេសជ្ជៈសុខភាព។ បន្ថែមពីនេះ ការជ្រើសរើសអាហារត្រឹមត្រូវក៏ជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រព័ន្ធភាពស៊ាំដូចគ្នា។ អាហារខាងក្រោមនេះ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំយ៉ាងមានប្រសិទ្ធភាព។

១. ផ្លែទទឹម

ផ្លែទទឹមសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ដូចជាវីតាមីនC និងជាតិសរសៃដើម្បីជួយបង្កើនថាមពល និងបង្កើតប្រព័ន្ធភាពស៊ាំ។ លើសពីនេះ ផ្លែទទឹមក៏អាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទ២ និងគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អ។

២. ទឹកដោះគោជូរមានជាតិខ្លាញ់ទាប

ពពួកបាក់តេរីល្អដែលមាននៅក្នុងទឹកដោះគោជូរអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ បន្ថែមពីនេះ វាក៏ជាប្រភពវីតាមីន និងសារធាតុរ៉ែ ដែលមានគុណប្រយោជន៍អាចជួយឱ្យសុខភាពទាំងមូលប្រសើរឡើង។

៣. ឪឡឹក

ជាក់ស្ដែង ផ្លែឪឡឹកមានរសជាតិឆ្ងាញ់ និងពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយការពារកោសិការបស់យើង។ វាថែមទាំងមានផ្ទុកវីតាមីន A, B និងC ព្រមទាំងសារធាតុlycopene ដែលអាចជួយការពារយើងពីកាំរស្មីយូវី ហើយសារធាតុចិញ្ចឹមទាំងនេះអាចកាត់បន្ថយការឆ្លងមេរោគនៅរដូវភ្លៀងនេះ។

៤. ខាត់ណាខៀវ

ជាមួយគ្នានេះដែរ ខាត់ណាខៀវ ផ្ទុកជាតិដែក ប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូម។ បន្លែមួយប្រភេទនេះ ក៏សម្ពូរទៅដោយជាតិសរសៃ និងវីតាមីន A, C, E, K។ បន្ថែមពីនេះ វាមានផ្ទុកវីតាមីន B រួមទាំងអាស៊ីដហ្វូឡេត ដែលល្អបំផុតសម្រាប់ប្រព័ន្ធភាពស៊ាំ។

៥. ក្រូច

ក្រូចត្រូវបានស្គាល់ថាជាប្រភពនៃវីតាមីនC ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំបានយ៉ាងអស្ចារ្យ។ វាក៏ជួយបង្កើនការស្រូបយកជាតិដែកទៅក្នុងរាងកាយ និងជួយបង្កើតការផលិតខូឡាជែន ព្រមទាំងការពារកោសិកាពីការបំផ្លាញ។

៦. ស្ពៃពួយឡេង

ចំណែកឯស្ពៃមួយប្រភេទនេះ ក៏ជាបន្លែដែលមានគុណប្រយោជន៍សម្បូរបែប។ វាផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុBeta Carotene ដែលជួយបន្ថែមសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង