ក្មេងទើបនឹងកើត ពេលបៅដោះ ឬម៉ឹមទឹកដោះគោរួចតែចេះក្អែចេញមកវិញ ម៉ាក់ប៉ាចេះតែឆ្ងល់ថា តើវាមកអ្វីឱ្យប្រាកដ?
បើតាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ហាកូនតូចម៉ឹមដោះម៉ាក់ ឬទឹកដោះគោរួច ក្អែចេញមកវិញ មូលហេតុចម្បងមកពីយើងឱ្យកូនបៅឆ្អែតជ្រុល។ លោកវេជ្ជបណ្ឌិតថា “ក្មេងនៅតូច ក្រពះក៏នៅតូចដែរ អ៊ីចឹងហើយកាលណាតែម៉ាក់បំបៅច្រើនជ្រុល ទៅជាក្អែចេញមកក្រៅវិញ”។
ក្រៅពីមូលហេតុខាងលើនេះ ក៏នៅមានកត្តារួមផ្សំមួយទៀត គឺការបំបៅដោះកូនកូនមិនបានត្រឹមត្រូវតាមក្បូនខ្នាត ដោយឱ្យកូនដេកបៅ ឬបៅរួចភ្លាមឱ្យកូនគេងភ្លែត។
ដើម្បីដោះស្រាយបញ្ហាកូនបៅរួចក្អែចេញមកវិញនេះ គ្រូពេទ្យឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត បានផ្តល់ជាតិចនិកក្នុងការបំបៅកូនថា ពេលបំបៅដោះម្តាយ ឬទឹកដោះគោ ម៉ាក់ៗមិនត្រូវឱ្យកូនម៉ឹមឆ្អែតជ្រុលនោះទេ ត្រូវឲ្យកូនម៉ឹមតិចៗ តែច្រើនដងវិញ។ ចំពោះឥរិយាបថក្នុងការបំបៅវិញ យើងត្រូវបញ្ឈរខ្លួនកូនបន្តិច មិនត្រូវបំដៅដេកនោះទេ បន្ទាប់ពីបំបៅរួច កុំអាលឱ្យកូនគេងភ្លាម ត្រូវបីកូនដាក់លើស្មា រួចអង្អែលខ្នងតិចៗ ដើម្បីឱ្យទឹកដោះធ្លាក់ចុះ មិនក្អែចេញមកក្រៅ។
ទោះជាកូនក្អែមិនមែនជាបញ្ហាធ្ងន់ធ្ងរមែន តែលោកវេជ្ជបណ្ឌិតថា បើកូនយើងម៉ឹមរួច ក្អែញឹកញាប់ និងបាញ់ចេញក្នុងបរិមាណច្រើននោះ កូនអាចមានបញ្ហាកក្រពះតូចត្បៀត ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះអាចឱ្យកូនតូចបាត់បង់ជាតិទឹកខ្លាំង និងអាចគ្រោះថ្នាក់ដល់ជីវិត។ ជំងឺនេះយើងអាចសម្គាល់លើទារកទើបកើត ដល់អាយុ ៦ ខែ៕
ប្រភព៖ Hellokrupet