×

ទម្រើស​កូនឱ្យ​កូនញ៉ាំ​អាហារ ៥ មុខនេះ ដូចធ្វើបាប​កូនអ៊ីចឹង!

ទីផ្សារអាហារបច្ចុប្បន្ន មមាញឹកខ្លាំង ស្របពេលចំនួនមនុស្សជុំវិញពិភពលោកកំពុងកើនឡើងជាលំដាប់ ហើយអតិថិជនចម្បងរបស់សហគ្រាសចំណីអាហារ អាចជាក្មេងៗតូច ប៉ុន្តែសហគ្រាសមួយចំនួនដែលប្រកួតប្រជែង បែរជាមិនគិតដល់សុខភាពក្មេង ផលិតអាហារមានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ។ ជាប៉ាម៉ាក់គេ ទោះស្រលាញ់កូនប៉ុនណា ត្រូវដឹងអ្វីល្អសម្រាប់កូន និងអ្វីមិនគួរឱ្យកូនញ៉ាំផង “Hello គ្រូពេទ្យ” នឹងបង្ហាញអាហារ ៥យ៉ាង គួរកុំឱ្យក្មេងញ៉ាំឱ្យសោះ។

១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals)

នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ជាអាហារក្មេងភាគច្រើនចូលចិត្តញ៉ាំជាងគេនៅពេលព្រឹក ហើយនៅលើសំបកកញ្ចប់ មានសរសេរថា ធញ្ញជាតិសុទ្ធ ប៉ុន្តែអ្វីទាំងនោះ អាចជាបំភ័ន្តភ្នែកម៉ាក់ប៉ាក្មេង ឱ្យជឿថាល្អសម្រាប់កូនៗក៏ថាបាន។ ព្រោះការពិត នំប្រភេទនេះ សម្បូរទៅដោយស្ករខ្ពស់ ជាតិសរសៃទាប និងគ្មានកាឡូរីទាល់តែសោះ ហេតុនេះ នៅពេលយើងទិញផលិតផលគ្រាប់ធញ្ញជាតិចម្រាញ់ទាំងនេះ ត្រូវមើលថាផលិតផលណាមានជាតិស្ករទាប បើគ្រឿងផ្សំត្រឹមត្រូវហើយ ត្រូវមើលថាមានជាតិប្រូតេអ៊ីយ៉ាងតិច ៣ក្រាម ក្នុងផលិតផលនោះ ទើបល្អសម្រាប់ក្មេងញ៉ាំ។

២- ហតដក (Hot Dog)

សាច់កិន និងសាច់ក្រក សម្បូរជាតិអាស៊ីដនីទ្រីត ដែលជាសារធាតុបង្កឲ្យមានមហារីក។ ញ៉ាំសាច់ប្រភេទនេះច្រើន ត្រូវគេជឿថា អាចប្រឈមកើតជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ នំប៉័ងញាត់សាច់ក្រក ឬហតដក គឺសម្បូរជាតិសូដ្យូម និងខ្លាញ់ឆ្អែត ដោយភាគច្រើន គេបម្រើជាមួយនឹងទឹកជ្រលក់មានជាតិប្រៃ និងនំសម្បូរជាតិម្សៅ ដែលទាំងអស់នេះ មិនសូវមានជាតិសរសៃ និងសារធាតិចិញ្ចឹមនោះទេ។

៣- សាច់មាន់ ឬស្លាប់មាន់បំពង

សាច់ ឬស្លាបមាន់បំពង ជាប្រភេទអាហារ Fast Food ក្មេងចូលចិត្តបំផុត មិនថានៅប្រទេសណា ក៏ដូចជាប្រទេសណាដែរ។ នៅតាមផ្សារទំនើបមួយចំនួន គេឃើញលក់ដុំសាច់មាន់តូចៗ ដែលមានគ្រឿងផ្សំយ៉ាងតិច ២០មុខ មុននឹងយកទៅបំពង ហើយមានជាតិ DIMETHYLPOLISILOXANE ដែលជាសារធាតុប្រឆាំងពពុះ នៅក្នុងនោះផងដែរ។ បើក្មេងចូលចិត្តញ៉ាំអាហារបំពងបែបនេះ គួរចម្អិននៅផ្ទះឱ្យកូនញ៉ាំ ជារឿងប្រសើរ ព្រោះប៉ះពាល់តិចតួច ជាងញ៉ាំនៅកន្លែងលក់ផ្សេងៗ។


៤- ផ្លែឈើក្រៀម

ផ្លែឈើក្រៀម ជាប្រភេទអាហារបំភ័ន្តការពិត ដែលអាហារសម្រន់ប្រភេទក្រៀមនេះ ពោរពេញទៅដោយជាតិស្ករខ្ពស់ សារធាតុបន្ថែមពណ៌ ជាតិរក្សាទុកបានយូរ និងមិនមែនជាផ្លែឈើពិត ១០០% នោះទេ។ ផ្លែឈើក្រៀម អាចជាប់ពេញធ្មេញក្មេងៗ ជាហេតុបង្កឱ្យពុកធ្មេញ។ អាហារសម្រន់ល្អបំផុតសម្រាប់ក្មេង គឺផ្លែឈើពិតប្រាកដ ដែលគ្មានសារធាតុផ្អែមលាយបន្ថែម។ តែទោះយ៉ាងណា ជម្រើសល្អសម្រាប់ក្មេង នៅតែពិបាករក ដូចនេះគួរតែឱ្យកូនញ៉ាំផ្លែឈើស្រស់តែម្ដងទើបល្អ។

៥- ភេសជ្ជៈផ្អែម

គ្រប់គ្នាទាំងអស់សុទ្ធតែដឹងថា ជាតិផ្អែមមាននៅក្នុងភេសជ្ជៈ មិនល្អសម្រាប់សុខភាពក្មេងនោះទេ។ ទឹកក្រូច ទឹកផ្លែឈើកំប៉ុង និងដប សុទ្ធតែបន្ថែមជាតិស្ករ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ ទឹកផ្លែឈើដប គឺមានបន្ថែមជាតិស្ករច្រើនជាងទឹកក្រូចទៅទៀត ហើយចំពោះក្មេងតូចៗ គួរតែឱ្យញ៉ាំតែទឹកសុទ្ធ និងគ្មានរសជាតិទើបល្អ។

អាហារទាំងនេះអាចមើលទៅគួរឱ្យចង់ញ៉ាំ ប៉ុន្តែវាគ្មានផ្ដល់នូវសារធាតុចិញ្ចឹម មានប្រយោជន៍ដល់សុខភាពក្មេងទេ។ ក្មេងភាគច្រើន ទម្រើសអាហារណាស់ ប៉ុន្តែយើងជាប៉ាម៉ាក់គេ ត្រូវមានទំនួលខុសត្រូវ ធ្វើយ៉ាងណាចៀសវាង ឱ្យអាហារមិនល្អឱ្យកូនៗ៕

ប្រភេទ៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង