សៀមរាប៖ ចាប់ពីឆ្នាំ២០២០មក ក្រោមការណែនាំពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រុមការងារបច្ចេកទេសបានរៀបចំដាំស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អនិងលើកកម្ពស់ភាពបៃតងខ្ចីនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រព ក្រុមការងារបានធ្វើជាប្រចាំថ្ងៃនៅជុំវិញប្រាសាទអង្គរវត្តធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតងខៀវខ្ចីគ្រប់រដូវកាល។ លោកបន្តថា ការងារស្រោចស្រពវាលស្មៅត្រូវយកចិត្តទុកដាក់ជាខ្លាំង ពិសេស នៅក្នុងរដូវប្រាំង ដោយត្រូវបង្កើនការស្រោចទឹកយ៉ាងហោចណាស់ចំនួនពីរដងក្នុងមួយថ្ងៃ។
លោកបន្តថា ភាពខុសប្លែកទាំងនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសសើរមិនដាច់ពីមាត់ពីសំណាក់ភ្ញៀវទេសចរគ្រប់រូបដែលបានមកទស្សនាប្រាសាទអង្គរវត្ត។
ប្រជាពលរដ្ឋ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត បានឱ្យដឹងថា ពួកគាត់ពេញចិត្តចំពោះសកម្មភាពថែទាំ និងស្រោចស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ការធ្វើបែបនេះ នឹងបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀត។ ពិសេស ភ្ញៀវទេសចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនិងវាលស្មៅខៀវខ្ចីទាំងនោះ។
សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕