
ការជ្រើសរើសអាវទ្រនាប់ដែលត្រឹមត្រូវ និងស័ក្ដិសមទៅតាមរូបរាងកាយរបស់យើងមានសារសំខាន់ណាស់ ពីព្រោះវាមិនត្រឹមតែអាចជួយទ្រ និងបិទបាំងដើមទ្រូងបានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលពាក់ទៀតផង។

បន្ថែមពីនេះ អាវទ្រនាប់ត្រឹមត្រូវ អាចកាត់បន្ថយអាការឈឺខ្នង បង្កើនទំនុកចិត្តចំពោះខ្លួនឯង ក៏ដូចជាជួយពង្រឹងឥរិយាបថរបស់យើង។ ដូច្នេះហើយ ដើម្បីដឹងថាយើងជ្រើសរើសអាវទ្រនាប់បានត្រឹមត្រូវ ឬអត់នោះ អាចសង្កេតមើលសញ្ញាទាំងប៉ុន្មាននេះ។
សញ្ញាទាំង៤ បញ្ជាក់ថាយើងពាក់អាវទ្រនាប់មិនត្រឹមត្រូវ
១. ខ្សែអាវទ្រនាប់ធ្លាក់ចុះ
ប្រសិនបើយើងសារ៉េខ្សែត្រឹមត្រូវហើយ ប៉ុន្តែវានៅតែធ្លាក់ចុះនោះបានន័យថាទំហំអាវធំពេកសម្រាប់រាងកាយរបស់យើង។ ផ្ទុយទៅវិញ អាវទ្រនាប់ដែលសមល្មម អាចឱ្យយើងសូកម្រាមដៃពីរនៅចន្លោះស្មា និងខ្សែអាវបានយ៉ាងងាយស្រួល។
២. សុដន់ចេញក្រៅអាវទ្រនាប់
ប្រសិនបើសុដន់ហៀរចេញពីអាវទ្រនាប់ផ្នែកខាងលើ ចំហៀង ឬខាងក្រោមប៉ុងអាវទ្រនាប់ នោះយើងគួរតែជ្រើសយកទំហំធំជាងមុន ដើម្បីអាចជួយទ្រទម្ងន់សុដន់បានប្រសើរជាងមុន។
៣. អាវទ្រនាប់រុលឡើងលើ
ពិតណាស់ នៅពេលដែលប៉ុងរុលឡើងលើ គ្នាយើងច្បាស់ជាមានអារម្មណ៍នៅមិនសុខឡើយ ជាពិសេសនៅពេលដែលយើងកំពុងនៅខាងក្រៅតែម្ដង។ ដូចនេះ ស្រីៗយើងគួរតែបន្តឹងខ្សែ ឬផ្លាស់ប្ដូរអាវទ្រនាប់នេះចេញ។
៤. បន្សល់ស្នាមនៅលើស្មា
ទន្ទឹមនឹងនេះដែរ ខ្សែអាវទ្រនាប់ដែលបន្សល់ស្នាមនៅលើស្មាមិនត្រឹមតែបង្កជាការរំខានប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឱ្យយើងឈឺក្បាល និងមានបញ្ហាប្រព័ន្ធប្រសាទថែមទៀតផង។ ហេតុនេះហើយ យើងចាំបាច់ត្រូវសារ៉េខ្សែអាវឡើងវិញ។ ទោះជាយ៉ាងនេះក្ដី កម្លាំងទ្ររបស់អាវទ្រនាប់គួរតែស្ថិតនៅលើខ្សែកៅស៊ូខាងក្រោមប៉ុង មិនមែននៅលើដៃអាវទ្រនាប់ឡើយ៕

ប្រភព៖ Hellokrupet