×

ធ្មេញលឿងៗកុំចង់ទៅបិទឱ្យសអី ប្រយ័ត្នខាតលើសដើម

ដើម្បីលើកសម្រស់ឱ្យបានមួយកម្រិតទៀត យុវវ័យសម័យនេះបានជ្រើសរើសការពត់ធ្មេញ តធ្មេញទន្សាយ ខាំពុម្ពធ្មេញ ជាពិសេសការបិទធ្មេញឱ្យសទើបស្អាតបានទាន់ចិត្ត ព្រោះពេលធ្មេញសញញឹមទៅមានភាពទាក់ទាញ និងស្រស់ស្អាត។

តែវិធីចុងក្រោយនេះ ធ្វើទៅគ្រោះថ្នាក់ចំពោះមាត់ធ្មេញខ្លាំងមែនទែន ព្រោះត្រូវឆាប ដើម្បីយកវើនៀ (Dental Veneer) ដែលជាបន្ទះស្ដើងមកបិទផ្ទាល់ជាប់ទៅនឹងផ្ទៃខាងមុខធ្មេញធម្មជាតិ។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត សាន ដាណេត នៅគ្លីនិកធ្មេញប៊ូទិក ប្រាប់មកកាន់ Helloគ្រូពេទ្យ។

ពេទ្យធ្មេញរូបនេះបានបញ្ជាក់ថា ការធ្វើធ្មេញឱ្យសមាន ២ វិធី តែការខាំពុម្ពធ្មេញមិនបង្កគ្រោះថ្នាក់ឡើយ គ្រាន់តែស្រៀវពេលប្រើថ្នាំខាំពុម្ពមួយភ្លែតប៉ុណ្ណោះ។ ករណីទីមួយ៖ “ការប្រើប្រាស់ថ្នាំ ដើម្បីដាក់ខាំពុម្ពឱ្យស វាមិនប៉ះពាល់ដល់សុខភាពធ្មេញទេ គ្រាន់តែអាចស្រៀវបន្តិចបន្តួចតែប៉ុណ្ណោះ”។

ចំពោះករណីទីពីរវិញ ទន្តបណ្ឌិតរូបនេះបានលើកឡើងថា ដោយសារការបិទវើនៀត្រូវការឆាបធ្មេញ ដើម្បីឱ្យមើលទៅសម និងស្អាត ដូចនេះរចនាសម្ព័ន្ធធ្មេញត្រូវបានឆាបចេញខ្លះ ហើយវាក៏ប្រឈមមុខនឹងការបាក់បែកផងដែរ ហើយសម្រាប់ចំពោះអ្នកដែលគិតពីគុណភាពជីវិត មិនផ្ដោតលើសម្រស់តែម្យ៉ាង គាត់នឹងមិនជ្រើសរើសជម្រើសនេះឡើយ។

ការបិទវើនៀនេះទៀតសោតមានច្រើនជម្រើសមានទាំងគុណភាពអន់ មធ្យម រហូតដល់តម្លៃថ្លៃជាងគេ តែទោះជាផលិតផលគុណភាពខ្ពស់ជាងគេ ក៏នៅតែមានគុណវិបត្តិដែរ។ ក្រៅពីអាចធ្វើឱ្យធ្មេញបែកបាក់ វានៅបង្កផលលំបាកជាច្រើនទៀតចំពោះសុខភាពមាត់ធ្មេញ ដូចជា ហើបជើងធ្មេញ ហើមអញ្ចាញ ឆ្លងមេរោគ និងការឈឺចាប់ធ្មេញនៅពេលក្រោយជាដើម។

ដូចនេះ ប្រសិនបើគិតពីសុខភាពជាចម្បង គ្នាយើងដែលមានបំណងជ្រើសយកវិធីនេះ គួរតែគិត និងពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង