×

របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់

Curling’s ulcer គឺជាដំបៅក្រពះស្រួចស្រាល់មួយប្រភេទបង្កឡើងដោយសារកើតអារម្មណ៍ស្មុគស្មាញ នៅពេលណាមួយដែលរាងកាយយើងមានរបួសធ្ងន់ ពិសេសប្រភេទរបួសដោយការរលាកនឹងកម្ដៅតែម្ដង។ ពេលរាងកាយមានរបួសដោយរលាកនឹងបណ្ដាលឱ្យកម្រិតប្លាស្មាក្នុងឈាមថយចុះ ទើបធ្វើឱ្យកោសិកានៃភ្នាស mucosa ក្នុងផ្ទៃក្រពះប្រឈមនឹងការសឹក បង្កទៅជាដំបៅ រោគសញ្ញាសំខាន់ៗជំងឺដំបៅក្រពះ។

ដំបៅក្រពះ (Curling’s ulcer) ច្រើនកើតឡើងនៅផ្នែកខាងលើ និងខាងក្រោមនៃក្រពះ(ជាប់នឹងពោះវៀនតូច)។ ដំបៅមួយនេះ មិនបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយក្នុងដំណាក់កាលដំបូងនោះទេ ប៉ុន្ដែក្នុងដំណាក់កាលដែលវាវិវត្ដទៅជាធ្ងន់ធ្ងរ មានការហូរឈាមច្រើន នោះនឹងបង្ហាញរោគសញ្ញាដូចជា ការអស់កម្លាំង ក្អួត ករណីខ្លះក្អួតមានលាយឈាម ស្លេកស្លាំង លាមកមានពណ៌ខ្មៅលាយឈាម និង ចុកក្រហាយពោះ។

ផលវិបាកធ្ងន់ធ្ងរនៃដំបៅក្រពះ
ដំបៅនេះប្រសិនជាចេញរោគសញ្ញាហើយមិនបានព្យាបាលឱ្យត្រឹមត្រូវទេ នោះវានឹងវិវត្ដទៅជាស៊ីរូងកាន់តែជ្រៅ ហើយឈានដល់ការធ្លាយក្រពះ។ ករណីនេះអាចមានឱកាសកើតឡើងតិចជាង ២% ប៉ុន្ដែយើងក៏ត្រូវបង្ការជាមុនព្រោះអាចគ្រោះបង្កគ្រោះថ្នាក់បាន។

កត្ដាបង្កឱ្យដំបៅក្រពះ
Curling’s ulcer គឺជាអាការដំបៅនៅផ្ទៃខាងក្នុង ប៉ុន្ដែវាមានទំនាក់ទំនង នឹងផ្នែកខាងក្រៅនៃរាងកាយ បូករួមទាំងអារម្មណ៍។ មូលហេតុចម្បងបង្កឱ្យមានដំបៅនេះកើតឡើង គឺបណ្ដាលមកពីកម្រិតគ្រាប់ឈាមប្លាកែត ថយចុះនៅពេលដែលរាងកាយមានរបួសធ្ងន់ធ្ងរដោយការរលាកនឹងអ្វីមួយ។

គ្រាប់ឈាមប្លាកែតមានមុខងារក្នុងការព្យាបាលមុខរបួសលើរាងកាយមិនថារបួសតិច ឬច្រើន។ ក្នុងករណីដែលរាងកាយមានរបួសធ្ងន់ ពិសេសរបួសដោយការរលាកដោយប៉ះពាល់របស់ក្ដៅ នោះបរិមាណប្លាកែតនឹងត្រូវប្រឈមនឹងការថយចុះ បូករួមទាំងអ្នករបួសមានបញ្ហាអារម្មណ៍ស្មុគស្មាញខ្លាំងទៀតនោះ ទើបងាយធ្វើឱ្យក្រពះកើតបញ្ហាដំបៅនេះឡើង។

ការធ្វើរោគវិនិច្ឆយ
រលាកក្រពះស្រួចស្រាល់ Curling’s ulcer សម្រាប់ការធ្វើរោគវិនិច្ឆយគ្រូពេទ្យនឹងត្រួតពិនិត្យ ទៅលើមុខរបួសលើរាងកាយ និងរោគសញ្ញាមួយចំនួនផ្សេងៗទៀត។ ក្នុងករណីរោគសញ្ញាទាំងនោះបង្ហាញ ថាមានដំបៅក្រពះ curling ulcer នោះគ្រូពេទ្យសម្រេចប្រើប្រាស់ ឧបករណ៍សុងក្រពះ (endoscopy ) ដើម្បីធ្វើរោគវិនិច្ឆយវិភាគទៅលើការវិវត្ដនៃដំបៅមួយនេះ។

ការព្យាបាល
ការព្យាបាលគេអាចប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយបរិមាណនៃការបញ្ចេញជាតិអាស៊ីដក្រពះ ដែលនេះគឺជាវិធីសាស្ដ្រមានប្រសិទ្ធភាព បូករួមទាំងការគ្រប់គ្រងរបបអាហារ។ ពោលអ្នកជំងឺត្រូវតមប្រភេទអាហារដែលមាន ជាតិជូរ ហឹរ ខ្លាញ់ និងប្រភទអាហារមានជាតិកាត់ ពិសេសប្រភេទអាហាររឹងតែម្ដង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង