
ក្មេងអាចឈឺច្រើន ឬពេលខ្លះ ក្អួតទៀតក៏មាន។ អ៊ីចឹង គួរដឹងពីដើមហេតុដែលធ្វើឱ្យក្អួតសិន ហើយកុំភ័យស្លន់ស្លោ។

១– ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក
ក្មេងមិនអាចទ្រាំក្នុងស្ថានភាពខ្សោះជាតិទឹកបានយូរដូចមនុស្សធំទេ។ សញ្ញាខ្សោះជាតិទឹក មាន ហេវហត់ ឆាប់ខឹង យំមានទឹកភ្នែកតិចៗ សាច់ឡើងត្រជាក់ ញាក់ភ្នែក នោមតិច និងទឹកនោមមិនថ្លា។
ដើម្បីកុំឱ្យខ្សោះជាតិទឹក ត្រូវឱ្យកូនឲ្យញ៉ាំទឹក ឬទឹកអូរ៉ាលីតឱ្យបានច្រើន។ ពេលកូនក្អួតហើយ សាកឱ្យគេញ៉ាំទឹកបន្តិច ដើម្បីឱ្យដឹងថាគេញ៉ាំទឹកចូលអត់ ហើយបន្តពិនិត្យមើលការនោមរបស់កូនឱ្យបានទៀងទាត់។
២– ញ៉ាំរបស់រាវៗ
បើកូនឈប់ក្អួតបាន ២–៣ម៉ោង គួរឱ្យញ៉ាំអាហាររាវៗ ទឹកស៊ុប ឬទឹកផ្លែឈើស្រស់ ព្រោះវាជាអាហារងាយរលាយ។ កុំឱ្យញ៉ាំរបស់រឹង ព្រោះអាចឱ្យមានបញ្ហាកាន់តែធ្ងន់។
៣– ប្រើថ្នាំ
ពេលក្មេងក្អួត ភាគច្រើនមិនឱ្យប្រើថ្នាំទេ ចាំប្រហែលប៉ុន្មាននាទី វានឹងបាត់ទៅខ្លួនឯង។ កុំឱ្យកូនញ៉ាំថ្នាំបំបាត់ក្អួត OTC ព្រោះវាគ្មានប្រសិទ្ធភាពលើការក្អួតដែលបណ្តាលមកពីមេរោគទេ។ ប្រើថ្នាំមិនត្រឹមត្រូវ អាចបង្កបញ្ហាច្រើនជាងមុនទៀត។ បើគ្មានវេជ្ជបញ្ជាពីពេទ្យទេ កុំឱ្យកូនញុំាថ្នាំបាត់ក្អួត។
៤– ពេលណាគួរទៅពេទ្យ?
គួរទៅពេទ្យភ្លាម បើកូនមានអាការទាំងនេះ៖
– ចុកពោះខ្លាំង
– ក្អួតច្រើនដង
– ងងុយដេករហូត
– ឆាប់ខឹងខុសធម្មតា
– មានសភាពខ្សោះជាតិទឹក
– ក្អួតញឹកញាប់ និងយូរលើសពីមួយថ្ងៃ
– ដាក់អីចូលបន្តិចក្អួត សូម្បីតែអាហាររាវ
– ក្អួតចេញពណ៌បៃតង (យើងតែងថាក្អួតបែកប្រមាត់) ឬឈាម។
យកកូនមកពេទ្យភ្លាម បើក្អួតផង ឈឺក្បាល រឹងកផង ហើយចេញកន្ទួលលើស្បែក។ ម៉ាក់ប៉ាត្រូវនៅតាមដាន ថែទាំ និងយកចិត្តទុកដាក់ឱ្យមែនទែន និងស្វែងរកជំនួយពីពេទ្យភ្លាមៗ បើមានអារម្មណ៍មិនស្រួល៕

ប្រភព៖ Hellokrupet