×

រូបមន្តម៉ាសបិទមុខធម្មជាតិ ជួយប្រឆាំងនឹងភាពចាស់ ស្រីៗមិនគួររំលង!

នៅពេលចូលដល់វ័យជាងម្ភៃក្រាស់ ច្បាស់ណាស់ថា គ្នាយើងអាចនឹងសង្កេតឃើញសញ្ញានៃភាពចាស់ដែលលេចឡើងនៅលើស្បែក។ ពេលខ្លះ ផលិតផលថែរក្សាសម្រស់ជាច្រើនដែលមានលក់នៅលើទីផ្សារ មិនត្រូវនឹងស្បែកយើងឡើយ។ ដូច្នេះហើយ យើងអាចសាកល្បងប្រើម៉ាសបិទមុខរូបមន្តធម្មជាតិខាងក្រោមនេះ ដើម្បីជួយប្រឆាំងនឹងភាពចាស់ ជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ ព្រមទាំងការពារបញ្ហាស្បែកស្ងួត។

១. ម៉ាសត្រសក់
កិនត្រសក់កន្លះផ្លែ ដោយបន្ថែមទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ហើយលាបនៅលើផ្ទៃមុខ រួចទុកចោលរយៈពេល១០ ទៅ២០នាទី។ បន្ទាប់មក លាងជម្រះជាមួយនឹងទឹកត្រជាក់ ជាការស្រេច គ្នាយើងអាចអនុវត្តន៍រូបមន្តនេះ ជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យស្បែកក្មេងជាងវ័យ និងភ្លឺថ្លា។

២. ម៉ាសប្រទាលកន្ទុយក្រពើ
ជាមួយគ្នានេះដែរ ស្រីៗយើងក៏អាចប្រើប្រទាលកន្ទុយក្រពើប្រមាណ២ស្លាបព្រាបាយ ដោយលាយជាមួយនឹងទឹកក្រូចឆ្មារចំនួនពីរបីដំណក់ រួចច្របល់ល្បាយឱ្យសព្វល្អ។ បន្ទាប់មក លាបលើផ្ទៃមុខ និងទុកចោលប្រហែលជា១០នាទី សឹមលាងជម្រះចេញជាមួយនឹងទឹកធម្មតា។ ម៉ាសនេះ មានប្រសិទ្ធភាពបង្ការការបំផ្លាញខូឡាជែន និងបញ្ចៀសស្នាមជ្រីវជ្រួញ។ គ្នាយើងអនុវត្តន៍រូបមន្តនេះ ជារៀងរាល់ថ្ងៃតាមតម្រូវការ។

៣. ម៉ាសកាហ្វេ
រូបមន្តម៉ាសមួយប្រភេទនេះវិញ គ្នាយើងអាចលាយម្សៅកាហ្វេចំនួន១ស្លាបព្រាបាយ និងម្សៅកាកាវចំនួន១ស្លាបព្រាបាយ។ បន្ទាប់មកចាក់ប្រេងដូងចំនួន១ស្លាបព្រាបាយ រួចកូរឱ្យសព្វល្អ ទើបយកមកលាបនៅលើផ្ទៃមុខ និងក ដោយទុកចោលរយៈពេល១៥ ទៅ៣០នាទី មុននឹងលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។ រូបមន្តម៉ាសកាហ្វេនេះ អាចអនុវត្តន៍ពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ និងជួយជម្រុះកោសិកាងាប់ៗពីស្បែក៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង