គ្នាយើងក្មេងៗគ្មានជំងឺទឹកនោមផ្អែម ច្បាស់ជាមិនយល់អារម្មណ៍ប៉ាម៉ាក់ អ៊ំៗយើងទេ ប៉ុន្តែ “Hello គ្រូពេទ្យ” យល់ច្បាស់ ពិសេសការញ៉ាំតែម្តង។ ចង់ញ៉ាំអីក៏មិនបាន ខ្លាចនេះ ខ្លាចនោះ ប៉ះពាល់នេះ ប៉ះពាល់នោះ ពិបាកសឹងគ្រប់ពេល។ តែប្រាប់គាត់ឈប់បារម្ភទៅ ស្រលាញ់ប៉ាម៉ាក់ អ៊ំៗយើង ព្យាយាមណែនាំសាកល្បងអាហារពិសេសទាំងនេះ សម្បូរវីតាមីនណាស់ ធ្វើឱ្យសុខភាពពួកគាត់កាន់ល្អទៀតផង។
១- សណ្តែក
សណ្តែក មានសារធាតុចិញ្ចឹមជាច្រើន ដូចជា ជាតិសរសៃ ជាតិស្ករ កាបូអ៊ីដ្រាតស៊ាំញ៉ាំ (Complex Carbohydrate) និងប្រូតេអ៊ីន រ៉ែម៉ាញ៉េស្យ៉ូម និងប៉ូតាស្យ៉ូមទៀតផង។ យោងតាមអត្ថបទសុខភាពចុះផ្សាយរបស់សមាគមវេជ្ជសាស្ត្រអាមេរិក (Journal of the American Medical Association ) សណ្តែកអាចជួយឱ្យជាតិស្ករក្នុងឈាមចុះទាប ល្អចំពោះប៉ាម៉ាក់ មានទឹកនោមផ្អែមប្រភេទ ២។
២- បន្លែគ្មានជាតិស្ករ
បន្លែគ្មានជាតិស្ករ មាន បន្លែពណ៌បៃតង បន្លែស្លឹក ម្រេចជាដើម ជាអាហារមានសារធាតុស្ករកាបូអ៊ីដ្រាតទាប និងជួយប៉ាម៉ាក់ អ៊ំៗឆាប់បាត់ឃ្លាន ដោយសារជាតិសរសៃច្រើន បង្កើនវីតាមីន សារធាតុរ៉ែ និង Phytochemicals (សារធាតុគីមីអាចប្រឆាំងជំងឺ) ជាហេតុអាចជួយសម្រកទម្ងន់ រក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អ។ ប៉ាម៉ាក់ អ៊ំៗ អាចញ៉ាំអាហារប្រភេទនេះតាមសប្បាយ ញ៉ាំច្រើនប៉ុណ្ណា ល្អប៉ុណ្ណឹង ហើយអាចច្នៃជាមុខម្ហូបឆ្ងាញ់ៗថែមទៀតផង។
៣- ផ្លែឈើជូរៗ
ផ្លែឈើជូរៗ ដូចជា ក្រូចខ្វិច ក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ និងក្រូចលឿង សុទ្ធតែផ្តល់សារធាតុសរសៃច្រើន ញ៉ាំទាំងសាច់ដើម្បីទទួលបានសារធាតុសរសៃគ្រប់គ្រាន់ និងអាចបន្ថយកត្តាប្រឈមជាមួយជំងឺទឹកនោមផ្អែម។
៤- ផ្លែប៊ឺរី
ផ្លែស្រ្តប៊ឺរី និងប្លូប៊ឺរី ជាប្រភពស្ករធម្មជាតិដ៏ល្អ និងជាតិសរសៃ បើលាយជាមួយយ៉ាអួរ ឬក្រឡុក រឹតតែឆ្ងាញ់។
៥- ផ្លែប៉េងប៉ោះ
អាចញ៉ាំឆៅ ឬកិនឱ្យម៉ដ្ឋ ស្ងោរ និងធ្វើជាទឹកជ្រលក់ក៏បាន។ ប៉ាម៉ាក់ ញ៉ាំបែបណាក៏ដោយ នៅតែទទួលបានវីតាមីន A C E និងជាតិដែកដូចគ្នា។ ផ្លែប៉េងប៉ោះ អាចកាត់បន្ថយកត្តាប្រឈមកើតមហារីក ពិសេសមហារីក្រពេញប្រូស្តាត (សម្រាប់ប្រុសៗ) និងជំងឺបេះដូង។
៦- ខ្លាញ់ត្រី
អាស៊ីដអូមេហ្គា ៣ ក្នុងត្រីសាលម៉ុង និងត្រីផ្សេងៗ កាត់បន្ថយកើតជំងឺបេះដូង ពិសេសជំងឺសរសៃឈាមបេះដូងដែលកើតឡើងដោយសារទឹកនោមផ្អែម។ ពពួកត្រីទឹកត្រជាក់សម្បូរវីតាមីន D និងសារធាតុសេលេញ៉ូម (Selenium) ល្អសម្រាប់សក់ ស្បែក និងក្រចក គ្មានជាតិស្ករ អាចរក្សាលំនឹងជាតិស្ករក្នុងឈាមបានល្អ។ តែបើញ៉ាំខ្លាញ់ច្រើនពេក ក៏មិនល្អដែរ ចឹងគួរញ៉ាំសាច់ត្រីឱ្យបានច្រើន ខ្លាញ់ត្រីញ៉ាំល្មមបានហើយ។
៧- ស្រូវសាឡី
សម្បូរជាតិសរសៃខ្ពស់ និងមិនមានសារធាតុស្ករកាបូអ៊ីដ្រាត ហេតុនេះបើប៉ាម៉ាក់ អ៊ំៗចង់កាត់បន្ថយជាតិស្ករ ស្រូវសាឡីអាចជាអាហារស័ក្ដិសមបំផុត។ ស្រូវសាឡីខ្លះ មានសារធាតុចិញ្ចឹមល្អៗ ដូចជា ម៉ាញ៉េស្យ៉ូម ក្រូម៉្ញូម ប៉ូតាស្យ៉ូម និងវីតាមីន B9 (Folate)។
៨- គ្រាប់ធញ្ញជាតិ
ដូចខ្លាញ់ត្រី គ្រាប់ធញ្ញជាតិផ្តល់នូវខ្លាញ់ល្អសម្រាប់សុខភាព និងបន្ថយភាពស្រេកឃ្លាន សម្បូររ៉ែម៉ាញ៉េស្យ៉ូម និងជាតិសរសៃផងដែរ។ គ្រាប់ Walnuts និងគ្រាប់ Flaxseeds សម្បូរអាស៊ីដអូមេហ្គា ៣ អាចញ៉ាំច្រើនដងក្នុងមួយថ្ងៃ មិនធ្វើឱ្យឡើងកម្រិតជាតិស្ករក្នុងឈាមនោះទេ។
៩- ផលិតផលទឹកដោះគោគ្មានខ្លាញ់
ផលិតផលពីទឹកដោះគោ សម្បូរវីតាមីន D និងកាល់ស្យ៉ូម ជួយឆ្អឹង និងធ្មេញរឹងមាំ បន្ថយហានិភ័យកើតទឹកនោមផ្អែមរហូតដល់ ៩ ភាគរយ។ តែគ្នាយើង ឬប៉ាម៉ាក់ កំពុងប្រឈមមុខកើតទឹកនោមផ្អែម គួរញ៉ាំទឹកដោះគោគ្មានជាតិខ្លាញ់ (Skim milk) និងយ៉ាអួរ (Yogurt) បានហើយ។
ទាំងនេះសុទ្ធតែជាអាហារដែលល្អ អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ខណៈតម្លៃមានច្រើនជម្រើស ងាយរកតាមហាងទំនិញ និងទីផ្សារនានា៕
ប្រភព៖ Hellokrupet