ម្ដាយឪពុកណាមិនស្រឡាញ់កូន? ប៉ុន្តែប្ដីប្រពន្ធ ទើបមានកូនថ្មីថ្មោង ស្រឡាញ់ ថ្នាក់ថ្នម បណ្ដែតបណ្ដោយតាមចិត្តគេច្រើនពេក រហូតបានចិត្ត ឬហៅថា ទម្រើស។ គេតែងនិយាយថា ស្រឡាញ់កុំឱ្យដឹងចិត្ត ទើបកូនខ្លាច មិនចេះតែទារតាមហ៊ាន ឬធ្វើតាមចង់។ បញ្ហានេះ ប្រហែលសំខាន់ ដែលប៉ាម៉ាក់មានកូនតូចៗ ពូកែងរង៉ក់ គួរស្វែងយល់ ដើម្បីទប់ទល់ជាមួយលោកកូន។ ពិចារណាប៉ុន្មានចំណុចនេះ ជាមួយ “Helloគ្រូពេទ្យ” ទាំងអស់គ្នា៖
១- វិន័យ៖ ទម្លាប់បង្កើតវិន័យ ដើម្បីណែនាំកូន ជារឿងល្អមែនទែន ដែលឪពុកម្ដាយគ្រប់រូបគួរមាន ឬបង្កើតជាស្ទីលសម្រាប់ខ្លួនឯង។ បង្កើតហើយត្រូវតែអនុវត្ត ទោះបីជាពេលខ្លះគេ(កូន) មិនសប្បាយចិត្ត យំ ងរង៉ក់ក៏ដោយ ក៏មិនគួររំលងច្បាប់ទម្លាប់ដែរ។ កូនអាចមានអារម្មណ៍ អត់សប្បាយចិត្ត តែដំបូងៗ ប៉ុន្តែទម្លាប់យូរបន្តិចទៅ គេអាចខ្លាចយើងជាឪពុកម្ដាយ ហើយព្យាយាមឱ្យកូនយល់ពីមូលហេតុ និងការសន្យាជាមួយយើង។
ឧទាហរណ៍ ប្រសិនជាយើងចង់ឱ្យនំតែមួយទៅកូន អ្នកគួរនិយាយថា “កូនអាចញ៉ាំនំតែមួយទេណា៎ កុំសុំម៉ាក់មួយទៀត យើងបានសន្យាគ្នាហើយៗណា”។ ឬ បើកូនទារទូរសព្ទ មើលវីដេអូ មើលយ៉ូធូប ឬលេងហ្គេមអីជាដើម យើងគួរបញ្ជាក់ជាមួយគេ មុនឱ្យទូរសព្ទ (ឬ Tablet) ដូចជា ម៉ាក់/ប៉ា ឱ្យអូន (កូន) ឯងលេង ឬមើលតែ ១វីដេអូ ឬ ៣-៥នាទី។
អ៊ីចឹងបើដល់ពេលវេលាកំណត់ ត្រូវដកទូរសព្ទ/Tablet មកវិញ ទោះគេយំក៏ដោយ។ អ្វីដែលត្រូវធ្វើគឺ ប្រកាន់វិន័យឱ្យជាប់។ ចរិតក្មេង ប្រែជាល្អ ឬខូច អាស្រ័យដោយការអប់រំ ឬបន្ធូរបន្ថយរបស់យើងជាឪពុកម្ដាយហ្នឹងឯង។
២- ហេតុផល៖ ក្មេងៗចង់បានរបស់ ឬចង់ធ្វើអីមួយ ងាយណាស់ ឬក៏ឆាប់ធុញ លែងចង់ ក៏លឿនណាស់ដែរ។ ដូច្នេះ សូមកុំឱ្យអ្វីទៅគេងាយៗពេក។ ព្យាយាមលើកទឹកចិត្ត និងពន្យល់គេ ពីហេតុផល ថាតើហេតុអ្វីបានគេ គេ(កូន) អាចលេងរបស់ហ្នឹងបាន? ហេតុអ្វីបានជា កូនញ៉ាំរបស់ហ្នឹង អត់បាន ជាដើម។ នៅពេលដែលគេចាប់ផ្ដើមយល់ ហើយទាមទារចង់បានអ្វីដែលចង់បាន អ្នកអាចសួរ ឬទាមទារហេតុផល គេអាចនឹងបង្ហាញសមត្ថភាព ពន្យល់ ចេញពីចិត្ត។
៣- អាទិភាព៖ មិនខុសអីពីមនុស្សធំទេ មុនសម្រេចចិត្តធ្វើអ្វីមួយ គឺត្រូវស្វែងយល់ ត្រូវមានហេតុផល និងផ្ដល់អាទិភាព ថាតើគួរធ្វើអីមុនល្អ ឬចាំបាច់។ បង្រៀនកូនឱ្យធ្វើកិច្ចការឱ្យចប់មុន ទៅលេង។ ចូរចាំថាអ្នកគួរតឹងរ៉ឹងចំពោះរឿងនេះ តែកុំតឹងតែងហួសហេតុពេក។
៤- អន់ចិត្ត៖ ធម្មតាទេ ក្មេងអាចអន់ចិត្តច្រើន ងរច្រើនបើគេ អត់បានសប្បាយ ឬយើងអត់ឱ្យអ្វីដែលគេចង់បាន។ ចំណុចនេះ យើងជាឪពុកម្ដាយ គួរប្រើទ្រឹស្ដី “ស្រឡាញ់កុំឱ្យដឹងចិត្ត” ព្រោះថាគ្មានឪពុកម្ដាយណាចង់ឱ្យកូនមិនសប្បាយចិត្តទេ។ ក្មេងទោះបីខឹង ក៏អត់យូរប៉ុន្មានដែរ ដូច្នេះបើធ្វើឱ្យគេអន់ចិត្តខ្លះ អាចជារឿងល្អ។ អមដោយហេតុផល ៣ចំណុចខាងលើ ពេលអង្កេតមើលចរិតតួឯករបស់លោកកូន ថយចុះបន្តិចហើយ គួរឆ្លៀតពេល ទៅលួងគេវិញ ដោយពន្យល់ហេតុផលឱ្យកូនយល់ ថាហេតុអី បានជាយើងមិនឱ្យគេធ្វើចឹង។ ទៅថ្ងៃមុខទៀត គេអាចទទួលខុសត្រូវ និងដោះស្រាយបញ្ហាបានដោយខ្លួនឯង។
៥- ទម្លាប់ឱ្យកូនចង់ចេះចង់ដឹងដោយខ្លួនឯង៖ បង្កើតទម្លាប់បណ្ដុះការគិត ការពន្យល់ ដោយផ្ដើមសំណួរថា ហេតុអ្វី? ឧទាហរណ៍សួរគេលេងៗថា “ធំឡើងកូនចង់ធ្វើអី? ម៉េចបានកូនចង់ក្លាយជាគ្រូពេទ្យ…?” ឬ “បើកូនចង់បានអីមួយ កុំបានតែស្រមៃ ត្រូវដឹងពីរបៀបរៀបចំខ្លួន ធ្វើឱ្យការស្រមៃ សម្រេចពិតប្រាកដ”។ មានវិធីមួយចំនួនដើម្បីជំរុញទឹកចិត្តគេឱ្យខិតខំ ដូចជាបើកូនអ្នកចង់បានឡានជ័រថ្មី ឬរបស់អីមួយក៏ដោយ យើងអាចបង្កើតទម្លាប់គេឱ្យរៀនសន្សំលុយទៅទិញដោយខ្លួនឯង។ ម្យ៉ាងទៀតផែនការឱ្យរង្វាន់ក៏ជាគំនិតល្អមួយដែរ។
យើងអាចធ្វើតារាងមួយ ហើយរាល់ពេលដែលកូនមានអាកប្បកិរិយាល្អ អ្នកបិទរូបផ្កាយឱ្យគេមួយ។ ប្រាប់កូនថា ចំនួនផ្កាយទាំងនេះមានន័យថាពួកគេនឹងទទួលបានរង្វាន់។ នៅពេលកូនបានរង្វាន់ នោះគេនឹងមានអារម្មណ៍ថាជោគជ័យហើយរៀនស្រឡាញ់អ្វីដែលបានមកពីការខំប្រឹងប្រែង៕
ប្រភព៖ Hellokrupet