×

មេឃក្ដៅខ្លាំង ណាគេខ្លះងាយរងគ្រោះជាងគេ ហើយគួរជួយម៉េចទៅ?

មួយរយៈនេះ ទៅណាមកណា មានតែអ្នករអ៊ូរទាំរឿងក្តៅខ្លាំង ហើយបើដាច់ភ្លើងយប់ទៀត មិនបាច់ថ្លែងទេ ម្នាក់ៗព្រឹកឡើងក្រោកទៅធ្វើការ ភ្នែកឡើងរូង មុខឡើងស្លក់ មិនបាច់សួរក៏ដឹង ច្បាស់ជាគេងមិនគ្រប់ គេងមិនលក់ហើយ។ មិនមែនលេងសើចទេណា អាកាសធាតុក្តៅខ្លាំងបែបនេះ អាចប៉ះពាល់សុខភាពយើងបាន “Hello គ្រូពេទ្យ” នឹងប្រាប់ពីផលប៉ះពាល់ អ្នកណាខ្លះងាយរងគ្រោះ ក៏ដូចជាវិធីការពារឱ្យគ្នាយើងដឹង។

១- ផលប៉ះពាល់សុខភាពពីរលកកម្តៅ
– បេប៊ី និងក្មេងៗ៖
• ស្ងួតស្បែក បបូរមាត់ និងមាត់
• ស្បែកប្រែពណ៌ខុសធម្មតា
• ឈឺក្បាល
• ភ្នែកខូងមានរង្វង់ខ្មៅ
• នោមតិច និងល្អក់
• ឈឺពោះ និងរាក
• ក្អួត
• អារម្មណ៍ឆេវឆាវ រវើរវាយ
• ពិបាកដកដង្ហើម
• ងងុយគេង គេងយូរ និងពិបាកងើបឡើង

សម្រាប់បេប៊ី និងក្មេងៗ សុខភាពចុះខ្សោយលឿន និងពិបាកកត់សម្គាល់ ហេតុនេះពេលបេប៊ី និងក្មេងៗ បង្ហាញរោគសញ្ញាទាំងនេះ ម៉ាក់ប៉ា ចាំបាច់នាំកូនៗ ទៅជួបពេទ្យភ្លាម។
– មនុស្សពេញវ័យ៖
• ឈឺក្បាល
• រមួលសាច់ដុំ
• ហើមដៃ ជើង និងកជើង
• លេចឡើងកន្ទួលក្រហមតូចៗលើស្បែក
• អស់កម្លាំង និងល្ហិតល្ហៃខុសធម្មតា
• មិនស្រួលខ្លួន
• ខ្វះជាតិទឹក ដូចជា ស្រេកទឹកខ្លាំង នោមតិច ស្បែកស្ងួត ជីពចរ និងដង្ហើម ដើរញាប់
សម្រាប់មនុស្សពេញវ័យ បើរោគសញ្ញាកើតឡើង ក្នុងរយៈពេល ២ម៉ោង ចាំបាច់ត្រូវទៅពេទ្យ។

២- កត្ដាប្រឈមខ្លាំង
– នៅពេលមានខ្យល់តិចតួច ឬគ្មានខ្យល់ទាល់តែសោះ
– នៅពេលមានរលកកម្ដៅកើតឡើង ហើយរាងកាយមនុស្ស មិនអាចសម្របនឹងកម្ដៅ
– ទីក្រុង ជាកន្លែងមានសីតុណ្ហភាពខ្ពស់ជាងជនបទ

៣- ក្រុមមនុស្សងាយរងគ្រោះ
– បេប៊ី និងក្មេងៗ អាយុតិចជាង ៥ឆ្នាំ
– មនុស្សចាស់
– រស់នៅម្នាក់ឯង
– មានជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពផ្លូវចិត្ត
– ប្រើប្រាស់ថ្នាំញឿន ឬផឹកគ្រឿងស្រវឹង
– ធ្វើការនៅក្រោមកម្ដៅថ្ងៃ រយៈពេលយូរ
– ធ្វើការនៅមុខកម្ដៅភ្លើង
– គ្មានឧបករណ៍បញ្ចុះកម្ដៅ ឬម៉ាស៊ីនត្រជាក់

៤- វិធីការពារផលប៉ះពាល់ពីរលកកម្តៅ
– បេប៊ី និងក្មេងៗ៖
• រក្សាជាតិទឹកក្នុងខ្លួន ដោយឲ្យអូនៗ ញ៉ាំទឹក ១កែវ រៀងរាល់ ២០នាទី និងបំបៅដោះបេប៊ីឱ្យញឹកញ៉ាប់
• ជូតខ្លួនដោយកន្សែងត្រជាក់ឱ្យបានច្រើនដងក្នុងមួយថ្ងៃ
• ការពារពីកម្ដៅ ដូចជា ស្លៀកពាក់ស្រាលៗ ពាក់មួក កុំទុកក្មេងៗឱ្យនៅក្នុងបន្ទប់ ឬរថយន្តម្នាក់ឯង
• កម្រិតផលប៉ះពាល់កម្ដៅ ដូចជា កម្រិតការចេញទៅខាងក្រៅ និងកម្រិតសកម្មភាពរាងកាយ សម្រាប់ក្មេងៗ។

– មនុស្សពេញវ័យ៖
• រក្សាជាតិទឹកក្នុងខ្លួន ដោយផឹកទឹក ៦-៨ កែវ/ថ្ងៃ។ បើចាំបាច់ ធ្វើតាមការណែនាំរបស់ពេទ្យ សម្រាប់ចំនួនសារធាតុទឹក គួរបំពេញក្នុងរាងកាយ
• ចៀសវាងគ្រឿងស្រវឹង ព្រោះជាតិអាល់កុល កាត់តែធ្វើឲ្យខ្សោះជាតិទឹកថែមទៀត
• ងូតទឹកឱ្យត្រជាក់ខ្លួនរាល់ថ្ងៃ
• ចំណាយពេល ២ ម៉ោង/ថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬទីតាំងត្រជាក់នានា
• ការពារឱ្យរាងកាយពីកម្ដៅ ដូចជា កម្រិតការងារបញ្ចេញកម្លាំងរាងកាយ និងស្លៀកពាក់ស្រាលៗ
• តាមដានព័ត៌មាន និងការព្រមានពីការឡើងកម្ដៅឱ្យជាប់លាប់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង