×

ស្លាប់មួយករណីនៅប្រទេសចិនដោយផ្ដាសាយបក្សី

ស្ដ្រីម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H3N8 ប្រភេទ Avian influenza នៅក្នុងប្រទេសចិន នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអង្គកាសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១១ មេសា កន្លងទៅ។ស្ដ្រីជនជាតិចិនរូបនោះ ដែលមានវ័យ ៥៦ឆ្នាំ និងស្ថិតក្នុងខេត្ដ Guangdong ក្នុងប្រទេសចិន បានស្លាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សី H3N8 ដែលជាករណីស្លាប់ទី១ និង ជាករណីទី៣ដែលបានឆ្លងជំងឺផ្ដាសាយបក្សីពីសត្វមកមនុស្ស។

របាយការណ៍របស់ WHO បានបញ្ជាក់បន្ថែមទៀតថា ស្ដ្រីម្នាក់ដែលបានឆ្លង និង ស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនេះគឺមានសុខភាពមិនសូវរឹងមាំនោះទេ មិនតែប៉ុណ្ណោះក៏មានជំងឺមហារីកកោសិកាគ្រាប់ឈាមសផងដែរ។ អ្នកជំងឺបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ២២ ខែកុម្ភៈ ហើយនៅថ្ងៃទី៣ ខែមិនា ក៏បានទៅសម្រាកព្យាបាលជំងឺរលាកផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និងបានស្លាប់នៅថ្ងៃទី១៦ ខែមិនា កន្លងទៅ។

គួររំឭកផងដែរថា កាលពីឆ្នាំ២០២២ ក្នុងប្រទេសចិន ក៏មានករណីឆ្លងជំងឺផ្ដាសាយបក្សី ពីសត្វមកមនុស្សចំនួន២ករណី ផងដែរ ប៉ុន្ដែមិនមានការស្លាប់ ឬបង្ហាញរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងណា អង្គកា WHO នៅតែទទូចឱ្យមានការប្រុងប្រយ័ត្ន និង យកចិត្ដទុកដាក់ឲ្យមែនទែន ចំពោះរោគសញ្ញាផ្តាសាយ និងត្រូវពិនិត្យសុខភាព បើមានការសង្ស័យណាមួយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង