×

មានបញ្ហារលាកក្រពះ គួរចាកចេញពីរប្រភេទអាហារទាំងនេះ

ក្រពះមានមុខងារសំខាន់ក្នុងដំណើរការបំបែកអាហារ ហើយ កាលណាក្រពះមានបញ្ហា ដូចជារលាក ឬសឹកស្រទាប់ការពារ នោះប្រព័ន្ធរំលាយអាហារទាំងមូលនឹងថយចុះមុខងារសំខាន់មួយ ថែមទាំងអាចបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ប្រសិនបើយើងមិនបានការពារ និងព្យាលបានល្អត្រឹមត្រូវនោះទេ។ ដូច្នេះដើម្បីការពារការរលាកក្រពះ កុំឱ្យវិវត្ដទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរយើងត្រូវ ជៀសឆ្ងាយពីប្រភេទអាហារដូចខាងក្រោម៖

អាហារហឹរ៖ សម្រាប់អ្នកមានបញ្ហារលាកក្រពះ ឬ ស្រទាប់ការពារក្រពះស្ដើង ការញ៉ាំអាហារហឹរនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ក្រពះ។ វានឹងបង្ហាញរោគសញ្ញាដូចជា ការក្រហល់ក្រហាយ ភើរច្រើន និង ក្រពះធ្វើការបំបែកអាហារយូរជាងធម្មតា។ កាត់បន្ថយការញ៉ាំអាហារហឹរប្រសិនអ្នកដឹងថា មានបញ្ហាក្រពះ។

អាហារជាតិអាស៊ីត៖ អាហារដែលមានជាតិអាស៊ីតច្រើន ក៏មិនគួរញ៉ាំដែរព្រោះវាធ្វើឱ្យក្រពះកាន់តែប្រឈមការរលាក និង ស្រទាប់ការពារកាន់តែសឹកស្ដើង។ អាហារដែលមានជាតិអាស៊ីតដូចជា ផ្លែប៉េងប៉ោះ ម្នាស់ និង អាហារផ្អាប់ជាដើម។

ពពួកភេសជ្ជៈផ្អែមៗ៖ ភេសជ្ជៈកំប៉ុងផ្អែមៗ ក៏គួរកាត់បន្ថយផងដែរ ព្រោះវាក៏ធ្វើឱ្យអាស៊ីតក្រពះកាន់តែកើនខ្លាំងជាងធម្មតា។ ស្រដៀងគ្នានោះដែរ ពពួកគ្រឿងស្រវឹងក៏ត្រូវកាត់បន្ថយដូចគ្នា។

អាហារខ្លាញ់៖ អាហារខ្លាញ់គឺត្រូវជៀសវាងដាច់ខាតតែម្ដង ដូចជា ឆា ចៀន បំពង វាធ្វើឱ្យអ្នកជំងឺមានអាហារអាការក្រហល់ក្រហាយ ភើរច្រើន ស្រដៀងគ្នានឹងការញ៉ាំអាហារហឹរ។
មូលហេតុដែលបណ្ដាលមានការរលាកក្រពះ
ការរលាកក្រពះអាចបណ្ដាលមកពីមូលហេតុច្រើនយើង ប៉ុន្ដែខណៈពេលនេះយើងនឹងលើកយកតែមូលហេតុសំខាន់ៗតែប៉ុណ្ណោះ ដូចជា៖

• ការជក់បារី
• ផឹកគ្រឿងស្រវឹងច្រើន
• ការប្រើប្រាស់ថ្នាំប្រឆាំងការរលាក
• កើតស្ដ្រេសខ្លាំង
• ធ្លាប់ឆ្លងកាត់ការវះកាត់
• ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
• អាលែកហ្ស៊ីនឹងអាហារញឹកញាប់

តើពេលណាគួរទៅជួបគ្រូពេទ្យ?
នៅពេលរោគសញ្ញាគួរសង្ស័យមួយចំនួនបានកើតឡើងញឹកញាប់ អ្នកត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការណែរនាំ និង ព្យាបាលឲ្យបានត្រឹមត្រូវ ខណៈវាស្ថិតក្នុងដំណាក់កាលស្រាល។ រោគសញ្ញាទាំងនោះមានដូចជា៖
• ក្រហាយក្នុងពោះញឹកញាប់
• រោគសញ្ញាកើតមានចន្លោះពី១ ទៅ២សប្ដាហ៍
• ធ្លាប់ប្រើប្រាស់ប្រភេទថ្នាំប្រឆាំងការរលាកច្រើន
• មានឈាមក្នុងលាមក៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង