
ពិបាកណាស់ទម្រាំមានផ្ទៃពោះ រហូតដល់ត្រៀមសម្រាលបេប៊ីម្នាក់នឹងគេ។ ច្បាស់ជាចង់ឃើញមុខអាអូនខ្លាំងណាស់ហើយ ទោះពិបាកប៉ុណ្ណា រង់ចាំយូរប៉ុណ្ណា ត្រៀមរួចរាល់អស់ហើយ មិនអ៊ីចឹង? ប៉ុន្តែអ្វីត្រូវត្រៀមមិនមែនត្រឹមរង់ចាំថ្ងៃសម្រាលទេ សុខភាពអំឡុងពេលពពោះ ជារឿងសំខាន់ ព្រោះអាចប្រឈម ជំងឺទឹកនោមផ្អែមពេលពពោះ អាចជះឥទ្ធិពលអាក្រក់ខ្លាំងទាំងសុខភាពម៉ាក់ៗ និងបេប៊ី បើមិនបានការពារទុកជាមុន។ មិនឱ្យបញ្ហានេះកើតឡើង ចំណាយពេលបន្ដិចជាមួយ “Hello គ្រូពេទ្យ” ថ្ងៃនេះ។
ជាតិស្ករក្នុងឈាម ជាសារធាតុចិញ្ចឹមចាំបាច់ផ្តល់ថាមពលទៅចិញ្ចឹមកោសិការាងកាយ។ ប៉ុន្តែ ជាតិស្ករទាំងនេះ មិនអាចបញ្ជូនទៅកាន់កោសិកាដោយឯកឯងទេ គឺត្រូវការជំនួយពីអ័រម៉ូន អាំងស៊ុយលីន ដើម្បីបំបែកជាថាមពល។ ហេតុនេះ ករណីកើតទឹកនោមផ្អែមពេលពពោះ ដោយសារអ័រម៉ូន អាំងស៊ុយលីន មានបញ្ហា ជាតិស្ករមិនអាចបម្លែងជាថាមពលបាន នាំឱ្យស្តុកជាតិស្ករក្នុងឈាមលើសកម្រិត បង្កជាផលវិបាក និងគ្រោះថ្នាក់ជាច្រើន។
ដើម្បីបន្ថយកត្តាប្រឈមជំងឺនេះ គ្នាយើងអាចការពារបានដោយប្រើវិធីដូចខាងក្រោម៖
១- រៀបផែនការមុនពពោះ
គ្នាយើងគួរត្រៀមខ្លួនមុនពពោះយ៉ាងហោចណាស់ ៣ខែ ដើម្បីរៀបចំផែនការផ្សេងៗ ដូចជា ទៅចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល ពិនិត្យសុខភាពផ្លូវភេទ ដើម្បីប្រាកដថា រាងកាយមានសុខភាពល្អអាចពពោះបាន និងចៀសផុតហានិភ័យពីជំងឺគ្រោះថ្នាក់ផ្សេងៗ។
២- ពិនិត្យរាងកាយ
គួរទៅពិនិត្យរាងកាយ យ៉ាងហោចណាស់ ម្តងក្នុងមួយឆ្នាំ គួរឆ្លៀតនិយាយជាមួយពេទ្យពាក់ព័ន្ធបញ្ហាសុខភាពយើង មុនពេលមានផ្ទៃពោះ។ ត្រៀមសំណួរជុំវិញបញ្ហាសុខភាពជាមុន ដើម្បីកុំឱ្យភ្លេច ពេលជួបពេទ្យ។
៣- ពិនិត្យជាតិស្ករក្នុងឈាមឱ្យទៀងទាត់
គួរធ្វើតេស្តពិនិត្យឈាមយ៉ាងហោចណាស់ឱ្យបាន ៣ខែមុនពេលពពោះ ព្រោះវាជួយឱ្យយើងដឹងពីកម្រិតជាតិស្ករក្នុងឈាម ឬបញ្ហាផ្សេងៗ។

៤- អាហារ និងលំហាត់ប្រាណត្រឹមត្រូវ
មធ្យោបាយបែបធម្មជាតិ និងមានប្រសិទ្ធភាពគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គឺញ៉ាំអាហារ និងហាត់ប្រាណឱ្យបានត្រឹមត្រូវ។ បើគ្នាយើងរវល់មិនអាចហាត់ប្រាណទៀងទាត់ អាចធ្វើចលនាឱ្យបានប្រមាណ ២ ម៉ោងកន្លះ ក្នុងមួយសប្តាហ៍។ ស្រីៗមានផ្ទៃពោះគួរញ៉ាំអាហារបន្ថែមឱ្យគ្រប់ ៣០០កាឡូរី អំឡុងពេលពពោះ។ គួរញ៉ាំម្តងបន្តិចៗ ច្រើនដង ញ៉ាំចំណីឱ្យបានគ្រប់មុខ កុំញ៉ាំច្រើនក្នុងពេលតែមួយ ទើបអាចការពារ កុំឱ្យកើតជំងឺទឹកនោមផ្អែមពេលកំពុងពពោះ។
មិនត្រូវនៅស្ងៀម មិនធ្វើចលនានោះឡើយ អាចធ្វើលំហាត់ប្រាណស្រាលៗ ដូចជា យូហ្គា ដើរ ហែលទឹក ជាដើម។ ហាត់ប្រាណឱ្យបែកញើស អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយឱ្យឈាមដើរស្រួល ជួយដល់ការលូតលាស់បេប៊ីផងដែរ។

៥- ការព្យាបាលត្រឹមត្រូវ
ពេលម៉ាក់ៗកើតទឹកនោមផ្អែមពេលកំពុងពពោះ ពួកគេនឹងទទួលការព្យាបាល ដោយចាក់អ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ វីធីព្យាបាលនេះ ជួយដល់ការឡើងទម្ងន់ និងការលូតលាស់របស់បេប៊ីបានត្រឹមត្រូវ និងបន្ថយហានិភ័យរលូត ឬកើតមុនខែថែមទៀតផង។
៦- រក្សាទម្ងន់ឱ្យបានសមរម្យ
លើសទម្ងន់ ឬធាត់ខ្លាំង អាចប្រឈមខ្ពស់ជំងឺជាច្រើន ដូចជា ជំងឺបេះដូង ទឹកនោមផ្អែមប្រភេទ ២ និងមហារីក (ស្បូន សុដន់ ពោះវៀន)។ ចំណែក គ្នាយើងស្គមខ្លាំងពេក ក៏អាចប្រឈមជំងឺធ្ងន់ធ្ងរមួយចំនួនទៀតដូចគ្នា។ ទឹកនោមផ្អែមពេលមានផ្ទៃពោះ ជាជំងឺគ្រោះថ្នាក់ចំពោះសុខភាពទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ អ៊ីចឹង ថែទាំសុខភាពមុនពេលពពោះ មានប្រយោជន៍ខ្លាំង កាត់បន្ថយកត្តាប្រឈមជំងឺដ៏គ្រោះថ្នាក់មួយនេះ៕
ប្រភព៖ Hellokrupet