×

កូនៗចូលចិត្តរត់លេងហាលថ្ងៃ ម៉ាក់ប៉ាមកដឹងពីវិធីបង្ការខ្សោះជាតិទឹកលើក្មេង

កូនក្មេង បើមានមិត្តភ័ក្ដិ ឬបងប្អូនតូចៗដូចគ្នាមកជុំគ្នាក្នុងឱកាសពិសេសដូចថ្ងៃចូលឆ្នាំនេះ ច្បាស់ជាសប្បាយចិត្តជក់លេង ភ្លេចបាយភ្លេចទឹកមិនខាន។ ជាទូទៅ ខែចូលឆ្នាំប្រពៃណីខ្មែរយើង ជាខែប្រាំង មានន័យថាថ្ងៃរះភ្លឺ អាកាសធាតុក៏ក្ដៅខ្លាំងដែរ ហើយបើកូនរត់លេងក្រោមមេឃក្ដៅអាចប្រឈមនឹងបញ្ហាខ្សោះជាតិទឹកលើក្មេង ម៉ាក់ប៉ាត្រូវចេះបង្ការ។ ធ្វើម៉េចដើម្បីបង្ការបញ្ហាខ្សោះជាតិទឹកលើក្មេងបាន?

សម្រាប់ក្មេងធំ (មានទម្ងន់លើស ១០គីឡូក្រាម) មានបញ្ហាខ្សោះជាតិទឹក ម៉ាក់ប៉ាគួរផ្ដល់ទឹកយ៉ាងហោចណាស់ ១កែវ/ម៉ោង រយៈពេល ៤ម៉ោងជាប់គ្នា ឬផ្ដល់ឱ្យកូនលើសនេះ ក្នុងករណីអាអូនក្អួត ឬរាករូស។ ម៉្យាងម៉ាក់ប៉ាគួរតែឧស្សាហ៍តាមដាន និងផ្ដល់ទឹកឱ្យកូនញ៉ាំ ព្រោះក្មេងតូចចូលចិត្តញ៉ាំទឹកម្ដងតិចៗ ដូចនេះគួរតែផ្ដល់ទឹកឱ្យបានញឹកដល់កូន។
ក្រៅពីការបំពេញជាតិទឹកដោយការផ្ដល់ទឹក ម៉ាក់ប៉ាអាចផ្ដល់ជាផ្លែឈើសម្បូរជាតិទឹក ឬភេសជ្ជៈដូចជា៖

• ទឹកផ្លែឈើស្រស់
• ផ្លែក្រូច
• ផ្លែឪឡឹក
• ផ្លែត្រសក់ ឬត្រសក់ផ្អែម
• ផ្លែល្ហុង ។ល។
ផ្ទុយទៅវិញ បើកូនជួបបញ្ហាខ្សោះជាតិទឹកលើក្មេង ម៉ាក់ប៉ាដាច់ខាតកុំឲ្យកូនញ៉ាំភេសជ្ជៈកំប៉ុងផ្អែមៗដែលសម្បូរជាតិស្ករ និងហ្គាស។
បន្ថែមពីនេះ យើងក៏ត្រូវដឹងពីសញ្ញាខ្សោះជាតិទឹកធ្ងន់ធ្ងរអាចកើតឡើងលើអាអូន ដើម្បីបង្ការគ្រោះថ្នាក់ដែរដូចជា ស្រេកទឹកខ្លាំង សន្លឹម ត្រជាក់ចុងដៃ ឬចុងជើង ភ្នែកខូង ដកដង្ហើមញាប់ ឬបេះដូងលោតលឿនជាដើម។ ក្នុងករណី អាអូនចេញសញ្ញាបែបនេះ គួរនាំកូនទៅជួបគ្រូពេទ្យឱ្យបានលឿនបំផុត៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង